បន្ទាយមានជ័យៈ ឃ្លាំងសិប្បកម្មឥតច្បាប់មួយកន្លែងដែលម្ចាស់ទុកចោលស្ថិតក្នុងភូមិ-សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងលួចលាក់ទុកឈើប្រណិតត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ចុះធ្វើការឆែកឆេ និងធ្វើការរឹបអូសកាលពីរសៀលថ្ងៃទី២០ សីហា ។
លោក ឡុង ជាប ព្រះរាជអាជ្ញារងខេត្តបន្ទាយមានជ័យបានអោយដឹងថា ដោយទទួលបានព័ត៍មានថា មានការលួចលាក់ទុកឈើរប្រណិតនៅទីតាំងខាងលើលោកបាន ដឹកនាំកម្លាំងចម្រុះរួមមាននគរបាលប្រឆាំងបទល្មើសខេត្តដឹកនាំដោយលោក ចាប សុផារិទ្ធ នគរបាលប្រឆាំងបទល្មើសក្រសួងដឹកនាំដោយលោក ហុក ចិត្ត្រា មន្ត្រីរដ្ឋបាលព្រៃឈើខេត្តដឹកនាំដោយលោក ជា ផល្លី បានសហការចុះឆែកឆេ និងបានរកឃើញឈើប្រណិតគ្មានច្បាប់ជាច្រើនប្រភេទដូចជា ឈើគ្រញូង ឈើបេង ឈើធ្នង់ ឈើគគី និងឈើផ្សេងៗទៀតជាច្រើន ។
លោក ជា ផល្លី នាយខ័ណ្ឌរដ្ឋបាលព្រៃឈើបានអោយដឹងថា ចំពោះឈើប្រណិតដែលគ្មានច្បាប់ខាងលើត្រូវបានដឹកជញ្ជូនតាមរយៈរថយន្តរបស់សម្ថកិច្ចយកមករក្សាទុកនៅ ខ័ណ្ឌរដ្ឋបាលព្រៃឈើរងចាំការដោះស្រាយតាមនីតិវិធីច្បាប់ ។ គួររំលឹកផងដែរថា ស្របពេលនៃការចុះបង្ក្រាបខាងលើក៏មានមតិមួយចំនួនបាននិយាយថារិះគុណថា មន្ត្រីជំនាញរដ្ឋបាលព្រៃឈើបើកដៃអោយមានការនាំចូលឈើគ្មានច្បាប់យកលុយរួចនាំគ្នាចាប់ដើម្បីយកស្នាដៃ៕