រាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានបង្ហាញពីការព្រួយបារម្ភ ពីការឆ្លងជំងឺកូវីដ១៩ និងបានចេញសេចក្តីសម្រេចជាផ្លូវការ ឲ្យផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងបន្តរាលដាល។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេច ផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ,គណៈអភិបាលរាជធានី-ខេត្ត ត្រូវធ្វើការសម្របសម្រួលជាមួយយន្តការ ដែលមានការពាក់ព័ន្ធទាំងអស់ដើម្បីធានាដល់ការនាំយកចង្ហាន់ និងទេយ្យវត្ថុចាំបាច់នានា ប្រគេនដល់ព្រះសង្ឃនៅតាមបណ្តាវត្តអារាមនានា ដែលស្ថិតក្នុងសមត្ថកិច្ចដែនដីរបស់ខ្លួន និងរក្សាការឈប់សម្រាករយៈពេល៣ថ្ងៃ សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ដែលត្រូវបានកំណត់ដោយអនុក្រឹត្យលេខ១៣១ អនក្រ.បក ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្រ្តីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២១។