អភិបាលខេត្តស្ទឹងត្រែង នាំយកអំណោយរាជរដ្ឋាភិបាល ផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ជាង ២០០គ្រួសារ នៅក្នុងស្រុកដាច់ស្រយាលមួយ ជាប់ព្រំដែនឡាវ

0

ខេត្តស្ទឹងត្រែង៖ អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានដឹកនាំមន្ត្រីខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្ត្រីនៅថ្នាក់មូលដ្ឋាន ចុះសួរសុខទុក្ខ និងការនាំយកអំណោយរបស់ រាជរដ្ឋាភិបាល ដែលបានផ្តល់ជូន តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ទៅឧបត្ថម្ភប្រជាពលរដ្ឋងាយរងគ្រោះ និងមានជីវភាពក្រលំបាក ២១៤គ្រួសារ មកពីឃុំចំនួន ២ នៅក្នុងស្រុកសៀប៉ាង ខេត្តស្ទឹងត្រែង នាថ្ងៃទី២៤កញ្ញាឆ្នាំ២០២១ ។

ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តស្ទឹងត្រែង លោក ស៊ុត វណ្ណា បានឲ្យដឹងថា ប្រជាពលរដ្ឋដែលត្រូវទទួលបានអំណោយដ៏ថ្លៃថ្លាពី រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនតាមរយៈមន្ទីរសង្គមកិច្ចខេត្ត នាពេលនេះ មានចំនួន ២១៤គ្រួសារ ដែលភាគច្រើន គឺជាស្រ្តីមេម៉ាយ ជនពិការ ជនចាស់ជរា និងប្រជាពលរដ្ឋដែលទីទ័លក្រ នៅក្នុងឃុំ ២ គឺ ឃុំស្រែសំបូរ និងឃុំព្រែកមាស ស្ថិតនៅក្នុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។ ប្រជាពលរដ្ឋទាំង ២១៤គ្រួសារនោះ ក្នុង១គ្រួសារៗ ទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខកំប៉ុង ១យួរ ទឹកត្រី ១ យួរ និងភួយ១ ផងដែរ។

អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន មានប្រសាសន៍ថា សម្តេចតេជោ នាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមនត្រីក្រសួងមហាផ្ទៃ បានផ្ដាំផ្ញើសួរសុខទុក្ខ និងការនឹករលឹក ដោយការគិតគូរយកចិត្តទុកដាក់ជានិច្ច ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេស ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ស្រ្តីមេម៉ាយ ជនពិការ ចាស់ជរា និងប្រជាពលរដ្ឋដែលមានជីវភាពទីទ័លក្រ។ រីឯការគិតគូរនោះ ដោយធ្វើឡើងមិនបានប្រកាន់ ការរើសអើងវណ្ណៈ ឋានៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

លោក ម៉ុម សារឿន បានមានប្រសាសន៍ ដាស់តឿនដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តការយកចិត្តទុកដាក់ថែទាំសុខភាព ព្រមទាំងប្រកាន់ភ្ជាប់នូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកទឹកស្អាត ត្រូវគោរពឲ្យបាន នូវវិធានការសុខាភិបាល  និងវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ ដែលកំពុងកើតមានជាសាកល ជាពិសេស អំឡុងពេលដែលប្រទេសកម្ពុជា ក៏ដូចខេត្តស្ទឹងត្រែង កំពុងតែរងគ្រោះនូវជំងឺកូវីដ-១៩ នេះ។

អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានក្រើនរំលឹក ប្រជាពលរដ្ឋ ត្រូវនាំគ្នាទៅទទួលយកការចាប់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ដើម្បីបញ្ជៀសបានការឆ្លងជំងឺនេះ ជាលក្ខណៈទ្រង់ទ្រាយធំ និងដើម្បីសុខភាពខ្លួនយើង គ្រួសារយើង និងសហគមន៍យើង គ្មានកូវីដ១៩ ៕ ដោយ៖ឡុង សំបូរ