(ខេត្តកំពត)៖ កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នៅសាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត រួមជាមួយ ឯកឧត្តមអភិបាលរងខេត្ត បានអញ្ជើញទទួលអំណោយសប្បុរសធម៌ពី ហ្វូណនមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី នូវម៉ាស់ចំនួន២៥,០០០សន្លឹក, អាល់កុល១៥០លីត្រ និងស្រោមដៃពេទ្យចំនួន៥កេះ ស្មើនឹង២,៥០០គូ ជូនដល់រដ្ឋបាលខេត្តកំពត ដើម្បីចូលរួមក្នុងការងារមនុស្សធម៌ និងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ ក៏បានថ្លែងអំណរគុណ ដល់ ហ្វូណនមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ដែលបាននាំយកនូវអំណោយមកជូនរដ្ឋបាលខេត្ត ក៏ដូចជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះវិធានការចំណាត់ការក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព អាយុជីវិតរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចសង្គម នៅក្នុងទូទាំងប្រទេស។ ឯកឧត្តមបានបញ្ជាក់ថា អំណោយទាំងនេះ ឯកឧត្តមនឹងផ្តល់ជូនដល់មន្ទីរពេទ្យបង្អែកទាំងអស់ និងរដ្ឋបាលក្រុង ស្រុក ឃុំសង្កាត់ ដើម្បីចូលរួមទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕ សេង ណារិទ្ធ







































