ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ បានប្រកាសពីការហក់ឡើង នៃកម្ពស់ទឹកស្ទឹងសែន បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នា នាច្រើនថ្ងៃកន្លងមក និងនៅពេលនេះ ភ្លៀងក៏នៅតែបន្តធ្លាក់ ធ្វើឲ្យកម្ពស់ទឹកស្ទឹងសែន ហក់ឡើងដល់ ១០,៣៨ម៉ែត្រហើយ នៅថ្ងៃទី២៥កញ្ញានេះ ខណៈទឹកស្ទឹងសែនមានកម្ពស់ ១១,៥០ម៉ែត្រ ជាកម្ពស់ដែលត្រូវប្រកាសឲ្យប្រុងប្រយ័ត្ន។
រដ្ឋបាលខេត្តព្រះវិហារ កាលពីថ្ងៃទី២៤កញ្ញាឆ្នាំ២០២១ បានប្រកាសជូនដំណឹង ស្តីពីការត្រៀមបង្ការ នូវគ្រោះមហន្តរាយជាយថាហេតុ ដោយសារជំនន់ទឹកភ្លៀង។ កត្តានេះបានញ៉ាំងឲ្យរដ្ឋបាលខេត្ត អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេស ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមដងស្ទឹងសែន មាត់ទន្លេមេគង្គ និងតំបន់ងាយរងគ្រោះដោយសារទឹកជំនន់មួយចំនួនទៀត ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រូវស្វែងរកទីទួលមានសុវត្ថិភាពដែលនៅជិត ចៀសវាងកើតមានឡើងនូវគ្រោះថ្នាក់ផ្សេងៗ។ ប្រសិន បើប្រជាពលរដ្ឋ ជួបគ្រោះទឹកជំនន់ ត្រូវរាយការផ្តល់ព័ត៌មានឲ្យបានឆាប់បំផុត ដល់អាជ្ញាធរភូមិ ឃុំ-សង្កាត់ ក្រុង ស្រុក ខេត្តជាបន្ទាន់ ដើម្បីអាជ្ញាធរមានលទ្ធភាព ចាត់វិធានការដោះស្រាយ ការពារ និងសង្គ្រោះឲ្យបានទាន់ពេលវេលា។
រដ្ឋបាលខេត្ត មានក្តីសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ នឹងមានការប្រុងប្រយ័ត្ន បង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះស្ថានភាពកម្ពស់ទឹកទន្លេ និងទឹកស្ទឹងសែន ដែលកំពុងបន្តហក់ឡើងជាបន្តបន្ទាប់នេះ។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ លោក ចាប កុយ បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី២៤កញ្ញាម្សិលមិញ ទឹកស្ទឹងសែន មានកម្ពស់ ១១,២០ម៉ែត្រ និងនៅថ្ងៃទី២៥កញ្ញានេះ ទឹកស្ទឹងសែន បានបន្តហក់ឡើងដល់កម្ពស់ ១១,៣៨ គឺឡើងលើសពីម្សិលមិញ ១៨សង់ទីម៉ែត្រ ខណៈទឹកស្ទឹងសែន មានកម្ពស់ ១១,៥០ម៉ែត្រ គឺជាកម្ពស់ដែលត្រូវប្រកាសអាសន្ន «ប្រការឲ្យប្រុងប្រយ័ត្ន»។ លោកថា ទឹកស្ទឹងសែន នឹងបន្តហក់ឡើងបន្ថែមទៀត ក៏ព្រោះភ្លៀងបានបន្តធ្លាក់នៅតាមខ្សែបន្ទាត់ព្រំដែន និងបន្តហូរធ្លាក់ចាក់ចូលមកដល់ក្បាលស្ទឹងសែន ត្រង់ចំណុចស្ពានតាកឹងហើយ នៅពេលនេះ។
លោក ចាប កុយ បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យចូលរួមសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ជាយថាហេតុផ្សេងៗ ដែលបណ្តាលមកពីជំនន់ទឹកភ្លៀង៕ ដោយ៖ឡុង សំបូរ