ទឹកស្ទឹងសែនបន្តហក់ឡើងលើសកម្ពស់ប្រកាសអាសន្ន រដ្ឋបាលខេត្តព្រះវិហារ អំពាវនាវប្រជាពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្ន

0

ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ បានប្រកាសពីការហក់ឡើង នៃកម្ពស់ទឹកស្ទឹងសែន បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នា នាច្រើនថ្ងៃកន្លងមក និងនៅពេលនេះ ភ្លៀងក៏នៅតែបន្តធ្លាក់រាយប៉ាយ លើដែនដីរដ្ឋបាលខេត្ត ធ្វើឲ្យកម្ពស់ទឹកស្ទឹងសែន បន្តហក់ឡើងដល់ ១២,១២ម៉ែត្រ ដោយនៅថ្ងៃម្សិលមិញ ទឹកស្ទឹងសែន មានកម្ពស់ ១១,៨០ម៉ែត្រ ឡើងលើសកម្ពស់ប្រកាសអាសន្ន ០,៦២ម៉ែត្រ  ខណៈទឹកស្ទឹងសែនមានកម្ពស់ ១១,៥០ម៉ែត្រ ជាកម្ពស់ដែលត្រូវប្រកាសឲ្យប្រុងប្រយ័ត្ន នៅថ្ងៃទី២៧កញ្ញាឆ្នាំ២០២១។

រដ្ឋបាលខេត្តព្រះវិហារ កាលពីថ្ងៃទី២៦កញ្ញាឆ្នាំ២០២១ បានប្រកាសជូនដំណឹង ស្តីពីស្ថានភាពកម្ពស់ទឹកស្ទឹងសែន និងការចូលរួមទប់ស្កាត់ នូវគ្រោះមហន្តរាយជាយថាហេតុ ដោយសារជំនន់ទឹកភ្លៀង និងដើម្បីធានាសុវត្ថិភាព និងបង្ការ នូវគ្រោះមហន្តរាយជាយថាហេតុ សូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងអស់  ជាពិសេស ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមដងស្ទឹងសែន មាត់ទន្លេមេគង្គ ដែលងាយរងគ្រោះដោយសារទឹកជំនន់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រូវស្វែងរកទីទួលមានសុវត្ថិភាពដែលនៅជិត ចៀសវាងកើតមានឡើងនូវគ្រោះថ្នាក់ផ្សេងៗ។

ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ជួបគ្រោះទឹកជំនន់ ត្រូវរាយការផ្តល់ព័ត៌មានឲ្យបានឆាប់បំផុត ដល់អាជ្ញាធរភូមិ ឃុំ-សង្កាត់ ក្រុង ស្រុក ខេត្តជាបន្ទាន់ ដើម្បីអាជ្ញាធរមានលទ្ធភាព ចាត់វិធានការដោះស្រាយ ការពារ និងសង្គ្រោះឲ្យបានទាន់ពេលវេលា។

រដ្ឋបាលខេត្តព្រះវិហារ បានបញ្ជាក់ពីកម្ពស់ទឹកស្ទឹងសែន នៅថ្ងៃទី២៧កញ្ញានេះ គឺទឹកស្ទឹងសែន មានកម្ពស់ ១២,១២ម៉ែត្រ ដោយនៅថ្ងៃ២៦កញ្ញាម្សិលមិញ ទឹកស្ទឹងសែនមានកម្ពស់ ១១,៨០ម៉ែត្រ ឡើងលើសកម្ពស់ប្រកាសអាសន្ន ០,៦២ម៉ែត្រ  ខណៈទឹកស្ទឹងសែនមានកម្ពស់ ១១,៥០ម៉ែត្រ ជាកម្ពស់ដែលត្រូវប្រកាសឲ្យប្រុងប្រយ័ត្ន ។

សូមជម្រាបថា យោងតាមការជូនដំណឹងរបស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា ដោយសារ ព្រះរាជាណាចក្រកម្ពុជា បានទទួលរងនូវឥទ្ធិពលប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយកាត់លើជួរភ្នំដងរែក និងខ្ពង់រាបឥសាន្ត ជាមួយនឹងខ្យល់មូសុងនិរតី បក់នៅក្នុងល្បឿនមធ្យមទៅបង្គួរ ។

ស្ថានភាពបែបនេះ ធ្វើឲ្យខេត្តព្រះវិហារ មានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំងជាប់ៗគ្នា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដែលបានធ្វើឲ្យទឹកស្ទឹងសែនហក់ឡើងខ្លាំង លើសពីកម្រិតដែលត្រូវប្រកាសអាសន្ន ។

រដ្ឋបាលខេត្តព្រះវិហារ មានក្តីសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ នឹងមានការប្រុងប្រយ័ត្ន បង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះស្ថានភាពកម្ពស់ទឹកទន្លេ និងទឹកស្ទឹងសែន ដែលកំពុងបន្តហក់ឡើងជាបន្តបន្ទាប់នេះ។ និងក៏សូមអំពាវនាវជាថ្មី សូមឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយអាជ្ញាធរដែនដី ក្នុងការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ជាយថាហេតុផ្សេងៗ ដែលបណ្តាលមកពីជំនន់ទឹកភ្លៀង ឲ្យមានប្រសិទ្ធភាពខ្ពស់ ៕ ដោយ៖ឡុង សំបូរ