ព្រះវិហារ៖ លោកវរសេនីយ៍ទោ នួន ផល្លា នាយរងសេនាធិការកងពលតូចអន្តរាគមន៍លេខ៨ ត្រូវបានប្រកាសតែងតាំងផ្លាស់ប្ដូរមុខងារ ជាមេបញ្ជាការស្តីទី ជំនួសឧត្តមសេនីយ៍ត្រី ហ៊ុំ សំអ៊ុល អតីតមេបញ្ជាការអង្គភាពវរសេនាតូចអន្តរាគមន៍លេខ៣៨១ ដែលបានទទួលមរណភាពដោយសាររោគាពាធ។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ និងលោកមេបញ្ជាការ មេបញ្ជាការរង នៃវរសេនាតូចទាំងទាំង៥ ចំណុះ កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។
ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានលើកឡើងថា មេដឹកនាំដែលល្អ គឺត្រូវមានលក្ខណៈសម្បត្តិបីយ៉ាង៖ «១.សុខភាព, ២.សមត្ថភាព, និង៣.គុណធម៌»។ ឧត្តមសេនីយ៍ឯក បន្តថា ជាមួយនឹងលក្ខណៈសម្បត្តិទាំងបីនេះ ថ្នាក់ដឹកនាំក៏ត្រូវប្រកាន់ភ្ជាប់ នូវសត្យានុម័ត និងអត្តនោម័ត នៅក្នុងការដឹកនាំ ទើបធ្វើឲ្យអង្គភាពមានការរីកចំរើន។ អនុវត្តន៍ឲ្យបានមឹងម៉ាត់បទបញ្ជាដែលបានសម្រេចរួមគ្នា សាមគ្គីឯកភាព ដឹកនាំអង្គភាពឲ្យបានល្អ ធ្វើយ៉ាងណាកុំឲ្យបែកបាក់សាមគ្គីភាពផ្ទៃក្នុង។
ជាមួយគ្នានោះ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ក៏បានធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានប្តេជ្ញាចិត្តខ្ពស់ក្នុងការខិតខំពុះពារជម្នះ នូវរាល់ឧបសគ្គរហូតសម្រេចបាននូវស្នាដៃ និងសមិទ្ធិផលគួរឱ្យកត់សម្គាល់។ អនុវត្តតាមតួនាទី និងភារកិច្ចរបស់ខ្លួនស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងនោះកម្លាំងបានពង្រឹងខឿនការពារជាតិ ម្ចាស់ការក្នុងការបំពេញភារកិច្ចស្នូល របស់ខ្លួនធានាថែរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍជូនជាតិ មាតុភូមិ និងប្រជាជន៕សួនលីណា







































