ខេត្តស្ទឹងត្រែង៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ដល់វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ចំនួន ២០ម៉ឺនដូស ជូនរដ្ឋាភិបាលប្រទេសឡាវ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ក្នុងគោលបំណង រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ព្រោះត្បិតប្រទេសឡាវ គឺជាប្រទេសដែលមានភូមិផងរបងជាមួយ និងជាមិត្តរបស់កម្ពុជា ។
ក្នុងពិធីប្រគល់វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ចំនួន ២០ម៉ឺនដូស ជូនរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ នៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង កម្ពុជា និងច្រកទ្វារព្រំដែនណងណុកខៀន ខេត្តចំប៉ាសាក់ឡាវ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នោះ បានធ្វើឡើងក្រោមវត្តមាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក អ៊ុច បូរិទ្ធ តំណាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ដោយឡែក ភាគីឡាវ ដឹកនាំដោយ រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មការការពារទប់ស្កាត់ជំងឺកូវីដ-១៩ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកបណ្ឌិត ប៊ុនហ្វេន ភូមិម៉ាឡៃស៊ិត (Bounfeng Phommalaysith) ,អនុរដ្ឋមន្រ្តី និងជាអនុប្រធានខុទ្ទកាល័យ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកស្រី ធិបផាកន ច័ន្ទថាក់វង្សា បានអញ្ជើញមកទទួលយកជំនួយវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ២០ម៉ឺនដូស ពីកម្ពុជា ។
រដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក អ៊ុច បូរិទ្ធ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ដល់វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ចំនួន ២០ម៉ឺនដូស ជូនរដ្ឋាភិបាលឡាវនាពេលនេះ គឺបានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះសុខមាលភាពប្រជាពលរដ្ឋ នៃប្រទេសទាំងពីរកម្ពុជា-ឡាវ ។ លោកថា ប្រទេសកម្ពុជា និងឡាវ គឺជាប្រទេសដែលមានព្រំដែនជាប់គ្នា ដូចនេះគោលនយោបាយរបស់ រាជរដ្ឋាភិបាល ផ្តល់វ៉ាក់សាំងជូន រដ្ឋាភិបាលឡាវ នៅពេលនេះ គឺសំដៅការលើកកម្ពស់ផ្នែកសុខមាលភាព ឲ្យកាន់តែល្អប្រសើរថែមទៀត សម្រាប់ប្រជាជនឡាវ និងរួមគ្នាក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងនាមជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា។
លោក អ៊ុច បូរិទ្ធ បានបញ្ជាក់ថា កាលពីពេលកន្លងទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបរិច្ចាគសម្ភារបរិក្ខាពេទ្យការពារជំងឺកូវីដ-១៩ ជូនប្រទេសមួយចំនួនផងដែរ តាមលទ្ធភាពជាក់ស្ដែង ដូចជា ប្រទេសមីយ៉ាន់ម៉ា ទីម័រខាងកើត ឡាវ វៀតណាម និងប្រទេសនេប៉ាល់ ជាដើម។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកបណ្ឌិត ប៊ុនហ្វេង ភូមិម៉ាឡៃស៊ិត (Bounfeng Phommalaysith) ដែលជាអនុប្រធានគណៈកម្មការ ការពារគ្រប់គ្រងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ឡាវ បានមានប្រសាសន៍ សំដែងការដឹងគុណចំពោះ រាជរដ្ឋភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ចំផុត ចំពោះសុខភាពប្រជាជនឡាវ។
លោកបណ្ឌិត ប៊ុនហ្វេង ភូមិម៉ាឡៃស៊ិត បានបន្តថា ជាក់ស្តែងពេលនេះ សម្តេចតេជោ បានផ្តល់វ៉ាក់សាំងស៊ីណូវ៉ាក់ ២០ម៉ឺនដូស យកមកជូនដល់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងគ្រៀល ក្នុងខេត្តស្ទឹងត្រែង កម្ពុជា ជាប់ព្រំដែនខេត្តចំប៉ាសាក់ឡាវ បានបង្ហាញឱ្យឃើញ នូវការទំនាក់ទំនងល្អ ក្នុងនាមប្រទេសស្ថិតក្នុងសមាជិកអាស៊ាន និងក្នុងពេលដែលប្រទេសកម្ពុជា កំពុងទទួលបានជោគជ័យ លើកការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
លោកបណ្ឌិត ប៊ុនហ្វេង ភូមិម៉ាឡៃស៊ិត បានបញ្ជាក់ថា កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជូនអំណោយ ជាគ្រឿងបរិក្ខារពេទ្យ និងម៉ាស់ជាច្រើនដល់ រដ្ឋាភិបាលឡាវ ដើម្បីបម្រើឲ្យការងារទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការសម្រាកព្យាបាលរបស់អ្នកជំងឺកូវីដ-១៩ ដោយនេះជាសកម្មភាពមួយដ៏ល្អ រវាងប្រទេសទាំងពីរ ក្នុងការចូលរួមរក្សាឲ្យបាននូវចំណងមិត្តភាព សាមគ្គីភាព យូរអង្វែងមួយនេះ ឲ្យនៅស្ថិតស្ថេរជាអមតៈ ៕ ដោយ៖ឡុង សំបូរ