ខេត្តស្ទឹងត្រែង៖ មេបញ្ជាការតំបន់ប្រតិបត្តិការសិករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកបរិក្ខាសុខាភិបាល សម្ភារៈប្រើប្រាស់ និងគ្រឿងបរិភោគមួយចំនួន ជូននាយទាហាន និងពលទាហាន ដែលកំពុងស្ថិតនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ កាលពីថ្ងៃទី២៨កញ្ញាឆ្នាំ២០២១ ។
សម្ភារៈដែលផ្តល់ជូនអង្គភាពផ្នែកសិករងបុរីអូរស្វាយសែនជ័យ នៃខេត្តស្ទឹងត្រែង នាគ្រានោះ រួមមាន៖ ម៉ាស់ អាល់កុល ថ្មអាយកូម តង់ ភេសជ្ជៈ និងមី ទុកដោះស្រាយនៅក្នុងអង្គភាព ក្នុងដំណាក់ នៃការរីករាលដាលជំងឺកូវីដ១៩ នេះ។
លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានថ្លែងក្រើនរំលឹក ដល់នាយទាហាន និងពលទាហានទាំងអស់ ក្រៅពីការអនុវត្តបទបញ្ជាថ្នាក់លើ ក្នុងកិច្ចការងារការពារបូរណភាពទឹកដី ក៏ត្រូវឈ្លាតពេលវេលា ខិតខំដាំដំណាំរួមផ្សំ និងការចិញ្ចឹមសត្វ ដើម្បីជួយទ្រទ្រង់ និងដោះស្រាយការខ្វះខាតខ្លះៗ នៅក្នុងអង្គភាពរបស់ខ្លួន ឲ្យមានភាពល្អប្រសើរជាងនេះថែមទៀត។
លោកឧត្តមសេនីយ៍មេបញ្ជាការ បានដាស់តឿនដល់នាយ និងពលទាហាន ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការសុខាភិបាល និងវិធានការ ៣កុំ និង៣ការពាររបស់ រាជរដ្ឋាភិបាល ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធភាព ។
មេបញ្ជាការផ្នែកសិករងបុរីអូរស្វាយសែនជ័យ លោកវរៈសេនីយ៍ ប៊ុន ឌឿន បានប្តេជ្ញាអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍មេបញ្ជា មិនឲ្យឃ្លាងឃ្លាតនោះទេ និងក៏បានថ្លែងអំណរគុណ ចំពោះលោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន ដែលតែងបានគិតគូ និងយកចិត្តទុកដាក់ខ្ពស់ ចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ។
លោកវរៈសេនីយ៍ ប៊ុន ឌឿន បានថ្លែងជូនពរដល់ លោកមេបញ្ជាការ ស្វាយ ញ៉ន និងជួរមេបញ្ជាការតំបន់ប្រតិបត្តិការសិករងស្ទឹងត្រែង សូមឲ្យថ្នាក់ដឹកនាំទាំងអស់ មានសុខភាពមាំមួន និងសម្រេចបានលើកិច្ចការងារនានា ដែលរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងយោធភូមិភាគទី១ បានដាក់ជូន ឲ្យទទួលបានជោគជ័យថ្មីៗ បន្ថែមទៀត ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ៕ ដោយ៖ឡុង សំបូរ