តុលាការខេត្តព្រះវិហារ សម្រេចឃុំខ្លួនបុរសម្នាក់ ក្រោយកម្លាំងកងរាជអាវុធហត្ថខេត្ត ឃាត់ខ្លួននិងដកហូតបានអាវុធវែង ១ដើម ពីការរក្សាអាវុធទុកប្រើប្រាស់ និងការបាញ់បោះដោយខុសច្បាប់

0

ខេត្តព្រះវិហារ៖ បុរសម្នាក់ដែលបានកាន់កាប់ និងការប្រើប្រាស់អាវុធវែង ១ដើម ដោយខុសច្បាប់ ត្រូវបានសាលាដំបូងខេត្តព្រះវិហារ សម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួននោះហើយ កាលពីថ្ងៃទី២៨កញ្ញាឆ្នាំ២០២១ ។

ការឃុំខ្លួនបុរសរូបនោះ ក្រោយពីបុរសនេះ បានយកអាវុធ AK47 មួយដើម ដែលខ្លួនបានលាក់ទុកជាយូរមកហើយនោះ មកប្រើប្រាស់និងបានបាញ់បោះសេរី និងត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងនគរបាលស្រុកគូលែន និងកម្លាំងយោធាផ្នែកសិករងគូលែន ចុះស្រាវជ្រាវ និងឈានទៅកំណត់មុខសញ្ញា ឃាត់ខ្លួន និងដកហូតបានអាវុធ AK47 មួយដើម រួមទាំងគ្រាប់ជាច្រើនគ្រាប់ ថែមទៀត កាលពីថ្ងៃទី២៧កញ្ញាឆ្នាំ២០២១ នៅក្បែរក្រុមហ៊ុនសិលាដាម៉ិចត្រពាំងថ្ម ស្ថិតនៅភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ​ ។

មេបញ្ជាការរងកងរាជអាវុធហត្ថ ទទួលបន្ទុកការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស​ខេត្តព្រះវិហារ  លោកវរសេនីយ៍ទោ ជួរ ប៊ុនសុង បានប្រាប់ឲ្យដឹងថា បុរសដែលត្រូវឃាត់ខ្លួននៅពេលនោះ ឈ្មោះ ឆាយ ឈន អាយុ ៣១ឆ្នាំ មានទីលំនៅភូមិជប់សោម ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ ជនសង្ស័យ ត្រូវបានឃាត់ខ្លួន ក្រោយរកឃើញកំហុសក្នុងការរក្សាអាវុធទុកប្រើប្រាស់ និងបាញ់បោះ ដែលច្បាប់កម្ពុជាត្រូវបានហាមឃាត់។

លោកវរសេនីយ៍ទោ ជួរ ប៊ុនសុង​ បានបន្តទៀតថា ការចុះស្រាវជ្រាវស្វែងរកកំណត់មុខសញ្ញាជនសង្ស័យ ដែលបានប្រើប្រាស់អាវុធ និងការបាញ់បោះដោយខុសច្បាប់នោះ គឺធ្វើឡើងក្រោមការអនុញ្ញាត និងទទួលបានបទបញ្ជាពី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី កង សៅគុណ កាលពីយប់ថ្ងៃទី២៦កញ្ញ និងជនសង្ស័យត្រូវឃាត់ខ្លួនបាន នៅថ្ងៃទី២៧កញ្ញាឆ្នាំ២០២១ នៅចំណុចខាងលើ ក្រោយទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ ដោយដកហូតបានអាវុធ AK47 មួយដើម លេខ 7210222 ,បង់២ ,គ្រាប់ ២៦គ្រាប់ និងសំបកកាទុស ចំនួន ៦ បញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីសាកសួរ និងក៏បាននាំយកជនសង្ស័យ ឲ្យទៅបង្ហាញពីទីកន្លែងដែលគេបានធ្វើសកម្មភាពបាញ់បោះ និងការរក្សាទុកអាវុធប្រើប្រាស់ដោយខុសច្បាប់។

លោកមេបញ្ជាការរងអាវុធហត្ថខេត្ត ជួរ ប៊ុនសុង បានបញ្ជាក់ឲ្យដឹងនៅថ្ងៃ២៩កញ្ញានេះថា ជនសង្ស័យ ឆាយ ឈន ត្រូវបានតុលាការខេត្ត សម្រេចចេញដីកាឃុំខ្លួនក្នុងពន្ធនាគារខេត្តហើយ កាលពីថ្ងៃ២៨កញ្ញាម្សិលមិញ ក្រោយរកឃើញកំហុសពីការរក្សាទុក ការប្រើប្រាស់ និងការបាញ់បោះដោយសេរីផ្ទុយពីច្បាប់កម្ពុជា ហាមឃាត់នោះមក ៕ ដោយ៖ឡុង សំបូរ