កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តកំពង់ធំ ចុះឃាត់ខ្លួនមន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងពីរនាក់ ពាក់ព័ន្ធនឹងការប្រើអំពើហឹង្សា វាយដំលើពលរដ្ឋដឹកឈើធ្វើផ្ទះ នឹងត្រូវបញ្ជូនទៅតុលាការខេត្ត

0

ខេត្តកំពង់ធំ៖ មន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃពីរនាក់ ប្រជាការពារភូមិម្នាក់ និងអ្នកកាន់កាតសារព័ត៌មានម្នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចុះឃាត់ខ្លួន ក្រោយទទួលបានពាក្យបណ្តឹងពីពលរដ្ឋដឹកឈើធ្វើផ្ទះម្នាក់ ដែលត្រូវបានគេយកអាវុធខ្លីវាយក្បាលបែកឈាម កាលពីថ្ងៃទី២៨កញ្ញាឆ្នាំ២០២១។ ជនសង្ស័យទាំង ៤នាក់ ត្រូវបានឃាត់ខ្លួន នៅម៉ោង ៨ និង៣០នាទីយប់ ថ្ងៃទី២៩កញ្ញាឆ្នាំ២០២១។

ស្នងការរង ទទួលផែនព្រហ្មទណ្ឌខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី ទិត សំណាង បានប្រាប់ឲ្យដឹងថា លោកបានដឹកនាំកម្លាំងនគរបាលព្រហ្មទណ្ឌ ចុះឃាត់ខ្លួនជនសង្ស័យ ៤នាក់ ដែលពីរនាក់ជាមន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ឈ្មោះ ធី ញ៉ាញ់ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិល្អក់ ឃុំកំពង់ថ្ម ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងពីរនាក់ទៀត ម្នាក់ជាប្រជាការពារភូមិ និងម្នាក់ទៀត ជាអ្នកកាន់កាតសារព័ត៌មាន។ លោកថា ពាក្យបណ្តឹងជនរងគ្រោះ លោកទទួបាននៅថ្ងៃទី២៨កញ្ញា និងនៅយប់ថ្ងៃទី២៩កញ្ញា លោកបានចុះឃាត់ខ្លួនជនសង្ស័យទាំង ៤នាក់ ជាបន្តបន្ទាប់។

លោកឧត្តមសេនីយ៍ត្រី ទិត សំណាង  បានឲ្យដឹងទៀតថា  នៅក្នុងការចុះឃាត់ខ្លួនជនសង្ស័យ ទាំង ៤នាក់ បានធ្វើឡើងក្រោយទទួលបានបញ្ជាពី លោកព្រះរាជអាជ្ញា  នៃអយ្យការ អមសាលាដំបូងខេត្តកំពង់ធំ គឺ ២នាក់ជាមន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួង និងពីរនាក់ទៀត ម្នាក់ជាប្រជាការពារភូមិ និងម្នាក់ទៀត ជាអ្នកកាន់កាតសារព័ត៌មាន ពីបទចោទ ដាក់កុងត្រូលជជុះជំរិតទារប្រាក់ និងការប្រើអំពើហិង្សាវាយដំ ទះកំផ្លៀង និងចាប់អុកនឹងជង្គង់ បណ្តាលឲ្យប្រជាពលរដ្ឋម្នាក់រងរបួសធ្ងន់ ដែលការដឹកឈើអារ (ឈើក្តា ៩សន្លឹក)នោះ តាមគោយន្តកន្ត្រៃកែច្នៃ ១គ្រឿង ដើម្បីយកក្តានោះទៅបាំងផ្ទះ នៅតំបន់អូរជ្រៅ ស្ថិតក្នុងភូមិសាស្ត្រ ភូមិគន្លងខ្ទីង ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ត្រី ទិត សំណាង  បានបញ្ជាក់ថា ជនសង្ស័យទាំង ៤នាក់ ដែលត្រូវបានឃាត់ខ្លួននោះ ១.ឈ្មោះ អ៊ុច សុខរិទ្ធី  ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ,២.ឈ្មោះ កែវ រីណា ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិលេខ២០ ផ្លូវ ៦១៤សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនសង្ស័យទាំង២ គឺជាមន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដែលជាជនដៃដល់វាយពលរដ្ឋដឹកឈើក្តាធ្វើផ្ទះ  នឹងត្រូវកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្តកំពង់ធំ ក្រោយពីបានបញ្ចប់នូវការសាកសួរ ។

ដោយឡែក ជនសង្ស័យ ២នាក់ទៀត ១.ឈ្មោះ វ៉ាន់ លាងហេង ភេទប្រុស អាយុ ៣៧ឆ្នាំ ជាប្រជាការពារភូមិ រស់នៅភូមិអូរពកសាមគ្គី ឃុំឈើទាល ស្រុកសណ្តាន់ និង ២.ឈ្មោះ លេង ថេត ភេទប្រុស អាយុ ៤៨ឆ្នាំ ជាអ្នកសារព័ត៌មាន រស់នៅភូមិគន្លងខ្ទីង ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ បុរសទាំង២ នាក់ ត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ ក្រោយរកពុំឃើញកំហុស ដែលជាប់ពាក់ព័ន្ធជាមួយករណីហឹង្សា និងការជំរិតទាប្រាក់ ខាងលើនោះ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យដែលជាមន្ត្រីនគរបាលសរដ្ឋកិច្ចក្រសួងទាំង ២នាក់ ត្រូវបានចោហ្វាយនាយរបស់ពួកគេ បញ្ជាឲ្យចុះបំពេញការងារនៅក្នុងខេត្តកំពង់ធំ ដើម្បីប្រមូលសេដ្ឋកិច្ចពីគ្រប់ច្រកល្ហក ពិសេស ការដឹកជញ្ជូនផល-អនុផលព្រៃឈើ មិនថាតិច ឬច្រើន មិនចំពោះទ្រង់ទ្រាយតូច ឬធំ នោះទេ គឺមិនអាចរំលងពីការបង់លុយឲ្យមន្ត្រីទាំង ២នេះបានឡើយ បើពុំនោះទេ គេនឹងប្រើអំពើហឹង្សាបែបនេះ ដោយចៀសមិនរួច៕ ដោយ៖ឡុង សំបូរ