សាលាដំបូងខេត្តព្រះវិហារ ឃុំខ្លួនបុរសម្នាក់ ក្នុងបទចោទ រក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន មានទម្ងន់ជាង ៣១ក្រាម

0

ខេត្តព្រះវិហារ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះវិហារ បានចេញដីកាបញ្ជាឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទម្នាក់ ពីបទ «រក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន» ទៅពន្ធនាគារខេត្តព្រះវិហារ ដោយអនុវត្តឲ្យបានត្រឹមត្រូវ តាមនីតិវិធីច្បាប់ នាល្ងាចថ្ងៃទី៣០កញ្ញាឆ្នាំ២០២១ ។

មេបញ្ជាការរង ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកវរសេនីយ៍ទោ ជួរ ប៊ុនសុង បានប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃ៣០កញ្ញានេះថា ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ ឈ្មោះ ជាត ភា ភេទប្រុស អាយុ ៤១ឆ្នាំ  រស់នៅភូមិកំប្រាក់ ឃុំយាង ស្រុកជាំក្សាន្ត ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ត បានចេញដីកាបង្គាប់ឲ្យឃុំខ្លួននោះហើយ ក្រោយសវនាការអស់ពេល ១ថ្ងៃ ដែលជននេះត្រូវបានចោទពីបទ «រក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន»។ លោកថា ជនជាប់ចោទ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត សហការជាមួយ កម្លាំងការិយាល័យទី២ នៃអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ ចុះឃាត់ខ្លួនបាននៅម៉ោងជាង ៤ល្ងាច ថ្ងៃទី ២៩កញ្ញាឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិកំប្រាក់ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

លោកវរសេនីយ៍ទោ ជួរ ប៊ុនសុង បានឲ្យដឹងទៀតថា ប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀននេះ ដឹកនាំដោយ ប្រធានស្នាក់ការមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត លោកវរសេនីយ៍ត្រី ពេជ្រ សុភី  ក្រោយទទួលបានបទបញ្ជាពី មេបញ្ជាការកងរាជអាវុហត្តខេត្ត លោកឧត្តមសេនីយ៍ត្រី កង សៅគុណ និងក្រោមការសម្រេចពីស្ថាប័នអយ្យការខេត្តព្រះវិហារ ផងនោះដែរ។ លោកថា លទ្ធផលនៃប្រតិបត្តិការ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនបុរសម្នាក់ ឈ្មោះ ជាត ភា អាយុ ៤១ឆ្នាំ រស់នៅភូមិ ឃុំខាងលើ និងដកហូតបានវត្ថុតាងបទល្មើសម្សៅក្រាមសថ្លា ដែលសង្ស័យជាសារធាតុញៀន ១០កញ្ចប់តូចនិងធំ  និងថង់សម្រាប់វេចខ្ចប់មួយចំនួនទៀត។

លោកវរសេនីយ៍ទោ ជួរ ប៊ុនសុង បានបញ្ជាក់ថា ក្រោយពេលបញ្ជូនជនសង្ស័យ រួមនឹងវត្ថុតាងមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត កម្លាំងជំនាញបានធ្វើតេស្តម្សៅក្រាមសថ្លា ដែលសង្ស័យជាសារធាតុញៀនទាំង ១០កញ្ចប់នោះ និងបានរកឃើញថា ជាថ្នាំញៀនប្រភេទមេតំហ្វេតាមីន ice​ ម៉ាទឹកកក មានទម្ងន់៣១.២៦ក្រាម។ លោកបញ្ជាក់ទៀតថា ក្រោយបញ្ចប់ការសាកសួរ កម្លាំងអាវុធហត្ថខេត្ត បានបញ្ជូនជនសង្ស័យ និងវត្ថុតាងថ្នាំញៀនទៅតុលាការខេត្ត និងក្រោយសវនាការនោះមក ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ត បានចេញដីកាបង្គាប់ឲ្យឃុំខ្លួននោះហើយនៅល្ងាចដដែលថ្ងៃនេះ ៕ ដោយ៖ឡុង សំបូរ