អភិបាលខេត្តព្រះវិហារ ជម្រុញមន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុកទាំង៨ បន្តពង្រឹងយន្តការ លើការអនុវត្តវិធានការបីកុំ បីការពារ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩

0

ខេត្តព្រះវិហារ៖ ប្រសាសន៍ជម្រុញរបស់ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានថ្លែង ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីរសៀលថ្ងៃទី៣០កញ្ញាឆ្នាំ២០២១។ នៅក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីមន្ត្រីខេត្ត ក្រុង ស្រុក មន្ទីរ និងអង្គភាពកងកម្លាំងទាំង៣ របស់ខេត្ត ផងនោះដែរ។

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលបានប្រព្រឹត្តទៅនៅថ្ងៃ៣០កញ្ញាម្សិលមិញនេះ អង្គប្រជុំ បានជជែកគ្នាពីបញ្ហាប្រឈមនានាជាច្រើន លើការអនុវត្តន៍កិច្ចការក្នុងពេលកន្លងមក ហើយបញ្ហាទាំងនោះ នឹងត្រូវបន្តរកយន្តការដោះស្រាយនៅពេលខាងមុខនោះ គឺ ទាក់ទិនទៅនឹងការងារកសិកម្ម បរិស្ថាន ព្រៃឈើ និងបញ្ហានានាជច្រើនទៀត ដែលនឹងត្រូវរួមគ្នាដោះស្រាយ ពិសេស បញ្ហាការរីករាលដាលជំងឺកូវីដ១៩ ។

អភិបាលខេត្ត និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានថ្លែង លើកទឹកចិត្តដល់ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ និងអង្គភាពកងកម្លាំងប្រដាប់អាវុធទាំង ៣ រួមទាំងមន្ត្រីនៅថ្នាក់មូលដ្ឋានផងដែរ ដែលបានខិតខំ ពុះពារ រាល់ការលំបាកគ្រប់បែបយ៉ាង ដើម្បីស្វែងរកដំណោះស្រាយ និងរួមគ្នាដោះស្រាយ ក្នុងកិច្ចការងារនានា ដែលជាបញ្ហាប្រឈម រហូតទទួលបានលទ្ធផលយ៉ាងគាប់ប្រសើរ។

លោកអភិបាលខេត្ត បានថ្លែង ជំរុញដល់មន្ត្រីទាំងអស់ ត្រូវខិតខំ និងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងយន្តការបន្តការផ្សព្វផ្សាយពីជំងឺកូវីដ១៩ ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺដ៏កាចសាហាវនេះ ឲ្យធ្លាក់មកនៅក្នុងកម្រិតទាបបំផុត និងឈានទៅបញ្ចប់វិបត្តិព្រឹត្តិការណ៍សហគមន៍ ២០កុម្ភះ ក្នុងពេលដ៏ខ្លីខាងមុខនេះ ជាមួយរាជរដ្ឋាភិបាល។

លោកអភិបាលខេត្ត បានជំរុញបន្ថែម ដល់មន្ត្រីទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយ នូវគ្រប់បញ្ហាដែលកើតមានឡើង នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រង ដែលការអនុវត្តនេះ គឺស្របទៅនឹងគោលនយោបាយរបស់ រាជរដ្ឋាភិបាល ដែលបានដាក់ចេញក្នុងពេលកន្លងមក ដើម្បីផ្ដល់នូវសេចក្ដីសុខ និងការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរ។

អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានអំពាវនាវដល់មន្ត្រី និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការនានារបស់ក្រសួងសុខាភិបាល និងការអនុវត្តន៍វិធានការ ៣កុំ ៣ការពាររបស់ រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ឲ្យបាន នូវការរីករាលដាល នៃជំងឺកូវីដ១៩ តាមរយៈការចូលរួម និងពង្រឹងលើការថែទាំសុខភាពទាំងអស់គ្នា ដើម្បីឈានទៅបញ្ចប់វិត្តិព្រឹត្តិការសហគមន៍ ២០កុម្ភះ និងក៏ធ្វើឲ្យខ្លួនយើង គ្រួសារយើង និងសហគមន៍យើង គ្មានការកើតឡើងនូវជំងឺកូវីដ១៩ ៕ ដោយ៖ឡុង សំបូរ