អភិបាលខេត្តកំពង់ចាម​ ចុះពិនិត្យមណ្ឌលព្យាបាលជំងឺកូវីដ-១៩​ នៅស្រុកកំង់សៀម និង​ស្ថានីយ៍ផលិតខ្យល់អុកស៊ីហ្សែននៅមន្ទីរពេទ្យខេត្តកំពង់ចាម​ 

កំពង់ចាម​:​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ អមដំណើរដោយ​មន្ត្រី​ពាក់ព័ន្ធ​ នាព្រឹក​ថ្ងៃទី​១​ ខែតុលា​ ឆ្នាំ​២០២១​នេះ​ បាន​អញ្ជើញ​ចុះពិនិត្យ​មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល​ នៅ​ភូមិត្រពាំងចារ ឃុំក្រឡា​ ស្រុកកំពង់សៀម​ និង​បន្ត​ចុះពិនិត្យ​ស្ថានីយ៍​ផលិត​ខ្យល់​អុកស៊ីហ្សែន​ នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​ ផងដែរ​ ។

 

ក្នុងឱកាស​អញ្ជើញ​ចុះពិនិត្យ​ការ​បំពាក់​សំភារ​បរិក្ខារ​ពេទ្យ​ និង​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​-១៩​ កម្រិត​ស្រាល​នេះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ពន្លឿន​ដល់​ក្រុម​ការងារ​បច្ចេកទេស​ ឲ្យ​ខិតខំ​បង្ហេីយ​ការងារ​មួយ​ចំនួន​ដែល​នៅ​សេសសល់​ ដេីម្បី​ផ្ទេរ​អ្នក​ជំងឺ​កូវីដ​-១៩​ ពី​វិទ្យាល័យ​ព្រះសីហនុ​ មក​ព្យាបាល​នៅ​ទី​នេះ​វិញ​ ​ហើយ​ត្រូវ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ រួចសង​សាលា​​ទៅ​ឲ្យ​សិស្ស​ ដេីម្បី​ឲ្យ​ពួកគាត់​បាន​រៀន​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ​ ។

 

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ម៉ាស៊ីន​ផលិត​ខ្យល់​អុកស៊ីហ្សែនដែល​បម្រើ​ឲ្យ​ការ​ព្យាបាល​ជំងឺ​កូវីដ​-១៩​នេះ​ ជា​អំណោយ​របស់​ឯកឧត្ដម​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ ដោយ​ម៉ាស៊ីនសម្រាប់ផលិតអុកស៊ីសែន មួយគ្រឿងនេះ មានសមត្ថភាពអាចផលិត​ខ្យល់​អុកស៊ីសែនបានក្នុងមួយម៉ោងចំនួន ១០បំពង់​ឯណោះ​​ បន្ទាប់​ពី​តំឡើង​ម៉ាស៊ីន​នេះ​រួច​ ខេត្តកំពង់ចាម នឹងចាប់ផ្តើមដំណើរការផលិតខ្យល់អុកស៊ីសែន ដោយខ្លួនឯង​ គឺមិន​ចាំបាច់​ទៅទិញ និងដឹកជញ្ជួនពី​រាជធានី​ភ្នំពេញ​ទៀត​នោះ​ឡើយ​ ។

 

​គួរ​រំលឹក​ផងដែរ​ថា កន្លងទៅនេះ​រដ្ឋបាលខេត្ត​កំពង់ចាម បានរៀបចំ​ឃ្លាំង​ពាណិជ្ជកម្ម ៣ ទីតាំង​សម្រាប់​ធ្វើជា​កន្លែង​ច​ត្រា​ឡី​ស័ក និង​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​កូ​វីដ​១៩ កម្រិត​ស្រាល ដោយ​ទីតាំង ទី​១ ឃ្លាំង នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ចាម ក្នុង​ក្រុង​កំពង់ចាម ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក អាចដាក់​ប្រជាពលរដ្ឋ​ក្នុង​រង្វង់​ពី ៨០០ ទៅ ១០០០ នាក់ ។ ទីតាំង​ទី ២ ឃ្លាំង​នៅក្នុង​ស្រុក​កងមាស ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក អាចដាក់​ប្រជាពលរដ្ឋ ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​រង្វង់​ពី ៨០០ ទៅ ១០០០ នាក់​ផងដែរ ។ ទីតាំង​ទី​៣ គឺ​ឃ្លាំង​ចំនួន​៣ ស្ថិត​ក្នុងស្រុក​កំពង់សៀម គឺ​ត្រូវ​បានរៀបចំ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ កម្រិត​ស្រាល ដែល​អាច​ផ្ទុក​អ្នកជំងឺ​បាន​ក្នុង​រង្វង់​ជិត ១០០០​នាក់ ៕