សម្តេចក្រឡាហោម ស ខេង នឹងអញ្ជើញជាអធិបតី ក្នុងពិធីផ្ទេរភារកិច្ច អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃស្អែកនេះ

0

ខេត្តស្ទឹងត្រែង៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង​ នឹងអញ្ជើញជាអធិបតី ក្នុងពិធីផ្ទេរភារកិច្ច អភិបាលខេត្តស្ទឹងត្រែង​ នៅថ្ងៃចន្ទ ទី៤ តុលា ស្អែកនេះ នេះបើតាមការគ្រោងទុក។

យោងតាមព្រះរាជក្រឹត្យ ​ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្ទេរភារកិច្ច ឯកឧត្តម ស្វាយ សំអ៊ាង ពីអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ជាអភិបាល នៃគណៈអភិបាលថ្មី ខេត្តស្ទឹងត្រែង ជំនួស ឯកឧត្តម ម៉ុម សារឿន ដែលត្រូវតែងតាំងមុខតំណែង ជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃទី៤តុលាឆ្នាំ២០២១។

ប្រសិនបើគ្មានការប្រែប្រួលនោះទេ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង​ នឹងអញ្ជើញជាអធិបតី នៅក្នុងពិធីផ្ទេរភារកិច្ច អភិបាលថ្មី ខេត្តស្ទឹងត្រែង នាថ្ងៃទី៤តុលាស្អែកនេះ។

គួររំលឹកថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ទេរភារកិច្ច និងតែងតាំងអភិបាលខេត្ត ៧ គឺ បាត់ដំបង ខេត្តកំពង់ធំ ខេត្តពោធិសាត់ ខេត្តកំពត ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង តែងតាំងមុខតំណែង ​ឯកឧត្ដម ម៉ុម សារឿន ជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ។

ព្រះករុណា ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្ទេរភារកិច្ចឯកឧត្ដម ងួន រតនៈ ឋានន្តរស័ក្តិឧត្ដមមន្ត្រី ថ្នាក់លេខ២ ពីអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ទៅជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងផ្ទេរភារកិច្ចឯកឧត្ដម សុខ លូ ឋានន្តរស័ក្តិឧត្ដមមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ទៅជាអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង។​

ព្រះករុណា ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្ទេរភារកិច្ចឯកឧត្ដម ម៉ៅ ធនិន ឋានន្តរស័ក្តិឧត្ដមមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ទៅជាអភិបាល នៃគណៈអភិបាលខេត្តកំពត និងផ្ទេរភារកិច្ចឯកឧត្ដម ជាវ តាយ ឋានន្តរស័ក្តិឧត្ដមមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាលខេត្តកំពត ទៅជាអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់។​

ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងមុខតំណែង ឯកឧត្ដម ញ៉ែម សំអឿន ឋានន្តរស័ក្តិឧត្ដមមន្ត្រី ថ្នាក់លេខ៤ ជាអភិបាល នៃគណៈអភិបាលខេត្តរតនគិរី និងផ្ទេរភារកិច្ចឯកឧត្ដម ថង សាវុន ឋានន្តរស័ក្តិឧត្ដមមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាលខេត្តរតនគិរី ទៅជាអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី។

ព្រះករុណា ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្ទេរភារកិច្ចឯកឧត្ដម ស្វាយ សំអ៊ាង ឋានន្តរស័ក្តិឧត្ដមមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ទៅជាអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងតែងតាំងមុខតំណែង​ឯកឧត្ដម ម៉ុម សារឿន ជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ​៕ ដោយ៖ឡុង សំបូរ