ខេត្តព្រះវិហារ៖ ការថ្លែងជំរុញរបស់ ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ លោកស្រី ហែម សុគុណពិសី ក្នុងពេលដែលលោកស្រីប្រធាន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល សកម្មភាពការងារប្រចាំខែកញ្ញាឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់អនុវត្តនៅខែបន្ទាប់ កាលពីថ្ងៃទី៤តុលាឆ្នាំ២០២១ នៅមន្ទីរព័ត៌មានខេត្តព្រះវិហារ ។ នៅក្នុងកិច្ចប្រជុំនោះ ក៏មានការចូលរួមពី អនុប្រធានមន្ទីរទាំង២ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យាជាច្រើនរូបទៀត ផងដែរ។
លោកស្រី ហែម សុគុណពិសី បានថ្លែង កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្រ្តី នៃការិយាល័យទាំង៥ របស់មន្ទីរព័ត៌មានខេត្ត ដែលក្នុងរយៈពេលកន្លងមក បានខិតខំប្រឹងប្រែងក្នុងការបំពេញការងារតាមជំនាញរបស់ខ្លួន យ៉ាងយកចិត្តទុកដាក់ និងដោយមានការទទួលខុសត្រូវខ្ពស់ ។
លោកស្រីប្រធាន បានថ្លែង រកការជំរុញដល់មន្ត្រីគ្រប់ជំនាញទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងវិស័យព័ត៌មាន ឲ្យបានកាន់តែប្រសើរបន្ថែមទៀត ត្រូវសហការ និងទំនាក់ទំនងល្អ ក្នុងការផលិតព័ត៌មានឲ្យបានច្រើន ជាពិសេស ត្រូវចេះរិះរកវិធានដំណោះស្រាយ នូវគ្រប់បញ្ហាប្រឈមនានា ដែលកើតឡើងនៅក្នុងពេលបំពេញការងារ។
លោកស្រី ហែម សុគុណពិសី បានថ្លែងទៀតថា ថ្វីបើក្នុងពេលធ្វើសកម្មភាពបំពេញការងារ នាពេលកន្លងមក មានភាពយ៉ឺតយ៉ាវខ្លះៗក៏មែនពិត ប៉ុន្ដែ លទ្ធផលការងាររបស់យើង តែងសម្រេចបានទៅមុខជានិច្ច។ ទន្ទឹមនេះ ក៏ត្រូវរិះរកវិធីដោះស្រាយ កែរលម្អរ និងបំពេញនូវចំណុចខ្វះខាត គឺធ្វើយ៉ាងណា ត្រូវរួមគ្នាសម្រេចឲ្យបាន នូវលទ្ធផលការងារ និងក៏ត្រូវមានសាមគ្គីភាព ឯកភាព រវាងគ្នា ឲ្យបានល្អជានេះថែមទៀត។
លោកស្រីប្រធាន បានក្រើនរំលឹក ដល់មន្រ្តីរាជការទាំងអស់ ត្រូវបន្តអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួន តាមវិធានការណែនាំនានារបស់ ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំរបស់រាជរដ្ឋាភិបាល ដើម្បីការពារការឆ្លងរាលដាល នៃជំកូវី-១៩ ជាពិសេស ប្រភេទ Delta បំប្លែងថ្មី ដែលកំពុងរីករាលដាលក្នុងសហគមន៍នាពេលនេះ ៕ ដោយ៖ឡុង សំបូរ