ខេត្តឧត្តរមានជ័យ៖ ផ្ទៃរងទឹកភ្លៀងនៅក្នុងស្រុកពីរ នៃខេត្តឧត្តរមានជ័យ គឺ ស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង បានស្ថិតក្នុងកម្រិតពី៩៧-១៦៦ មីលីម៉ែត្រ បន្ទាប់ពីបរិមាណទឹកភ្លៀង បានធ្លាក់ជាប់ៗគ្នា នៅក្នុងរយៈពេល ៥ថ្ងៃមកនេះ គឺចាប់ពីថ្ងៃ១៣-១៧ ខែតុលា ឆ្នាំ២០២១ បានធ្វើឲ្យកម្ពស់ទឹកក្នុងអាងទឹកតាម៉ុក ស្ថិតក្នុងស្រុកអន្លង់វែង បានហក់ឡើងដល់កម្រិតប្រកាសឲ្យមានការប្រុងប្រយត្ន័ គឺ៣,៨០ម៉ែត្រ ដោយកម្រិតប្រកាអាសន្ន ទឹកស្ថិតក្នុងកម្ពស់ ៤,៥០ម៉ែត្រ នេះបើតាមការប្រកាសរបស់ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត នៅថ្ងៃ១៧តុលាឆ្នាំ២០២១។
សេចក្តីរាយការណ៍បានឲ្យដឹងថា ស្របពេលដែលមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានប្រកាសពីការហក់ឡើងទឹកបឹងតាម៉ុក ដល់កម្រិតឲ្យប្រុងប្រយ័ត្នហើយនោះ ផ្លូវក្រាលគ្រួសក្រហម ១ខ្សែ ដែលតភ្ជាប់ពីភូមិគោកជ្រេស ឆ្ពោះទៅកាន់ភូមិកូនដំរី ស្ថិតនៅក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានរងការជន់លិចដោយជំនន់ទឹកភ្លៀង ហើយអាជ្ញាធរក្រុង សង្កាត់ ប្រជាពលរដ្ឋ និងតំណាងក្រុមហ៊ុន សាន ហ៊ាង បានរួមគ្នាយ៉ាងសស្រាក់សស្រាំ ក្នុងការចុះអន្តរាគមន៍ទប់ទឹក កាយដីបិទផ្លូវមិនឲ្យទឹកហូរចូល និងការរំដោះទឹកចេញបញ្ជៀសការជន់លិចផ្លូវ ដែលជាការរំខានដល់ការធ្វើដំណើរឆ្លងកាត់ទៅមករបស់ប្រជាពលរដ្ឋ ។
កំណាត់ផ្លូវដែលរងការជន់លិច ដោយជំនន់ទឹក្លៀងនោះ មានជាច្រើនម៉ែត្រ ប៉ុន្តែ ត្រូវបានអាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន រួមសហការណ៍គ្នាចុះទប់មិនឲ្យទឹកហូរចូល ច្រោះកាត់ផ្តាច់កំណាត់ផ្លូវនោះបានឡើយ។
មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តាអាងទឹក និងដងស្ទឹងស្រែងទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថាហេតុ។ មន្ទីរធនធានទឹក ក៏បានបញ្ជាក់ផងដែរថា មន្ទីរបាននិងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ អំពីស្ថានភាពកម្ពស់ទឹក ដែលកើតឡើងពីជំនន់ទឹកភ្លៀងនាពេលនេះ ៕ដោយ៖ឡុង សំបូរ