រាជធានីភ្នំពេញ៖ ការថ្លែង រកការជំរុញរបស់ ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាល Fresh News (FTC) លោក ម៉ារ យ៉ារិទ្ធ គឺនៅក្នុងវគ្គបណ្តុះបណ្តាលជំនាញ សរសេរព័ត៌មាន ជំហានទី១ នៅក្នុងអង្គភាពព័ត៌មាន Fresh News កាលពីចុងសប្តាហ៍មុននេះ។
នៅក្នុងវគ្គបណ្តុះបណ្តាលជំនាញសរសេរព័ត៌មាននេះ ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាល Fresh News (FTC) លោក ម៉ារ យ៉ារិទ្ធ បានថ្លែងថា គ្រប់ព្រឹត្តិការណ៍ទាំងអស់ដែលកើតឡើងជារៀងរាល់ថ្ងៃ មិនមែនសុទ្ធតែមានតម្លៃស្មើនឹងព័ត៌មាន ដែលអ្នកសារព័ត៌មាន ត្រូវលើកយកមកសរសេរទាំងអស់នោះទេ។
លោក ម៉ារ យ៉ារិទ្ធ ក្នុងនាមជាអ្នកជំនាញសារព័ត៌មានជើងចាស់ជាង៣០ឆ្នាំ បានលើកយកមេរៀន មូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មានដំណឹងក្តៅ (Spot news) មកបង្ហាញ នៅក្នុងវគ្គបណ្តុះបណ្តាលនេះ ដែលមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាននេះ ត្រូវប្រើប្រាស់រូបមន្ត «5W1H» (Who, What, Where, When, Why, and How) ដែលមាន ន័យថា នរណាកើតអ្វី? មានរឿងអ្វីកើតឡើង? កើតឡើងនៅពេលណា? កើតឡើងនៅទីណា? ហេតុអ្វីបានកើតឡើង? កើតឡើងដោយរបៀបម៉េច? ជាដើម។
លោក ម៉ារ យ៉ារិទ្ធ បន្ទាប់ពីបានបង្ហាញ អំពីមូលដ្ឋានគ្រឹះ ក៏បានពន្យល់ផងដែរ នូវអ្វីជាព័ត៌មាន ដោយលោកបានបញ្ជាក់ថា «បើយើងសួរសំណួរថា អ្វីទៅជាព័ត៌មាន? នោះយើងនឹងមានចម្លើយថា ព័ត៌មានបានកើតឡើងចេញមកពីព្រឹត្តិ ការណ៍។ ព្រឹត្តិការណ៍ដែលកើតឡើងទាំងអស់ មិនមែនសុទ្ធតែជាព្រឹត្តិការណ៍ដែលតម្លៃរបស់វាស្មើនឹងព័ត៌មាននោះទេ។ លោកបន្តថា យើងត្រូវចេះជ្រើសរើសនូវព្រឹត្តិការណ៍ណា ដែលតម្លៃរបស់វាស្មើនឹងព័ត៌មាន»។ លោកបានប្រាប់សិក្ខាកាមថា ព្រឹត្តិការណ៍ដែលតម្លៃវាស្មើនឹងព័ត៌មាន គឺនឹងត្រូវពឹងផ្អែកលើក្រសែភ្នែកដ៏មុតរបស់អ្នកសារព័ត៌មាន យោងតាមទ្រឹស្តី News Value ដែលនឹងមានយ៉ាងហោចជិត ១០ចំណុច។ ទ្រឹស្តី News Value នឹងត្រូវបង្រៀនដល់សិក្ខាកាម នៅក្នុងចុងសប្តាហ៍ដែលជិតមកដល់នេះ។
ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាល Fresh News (FTC) លោក ម៉ារ យ៉ារិទ្ធ បានជំរុញឱ្យអ្នកសារព័ត៌មាន ចេះបែងចែកប្រភេទព្រឹត្តិការណ៍ក្នុងការយកមកសរសេរជាព័ត៌មាន ដើម្បីបំពេញតម្រូវការដល់អ្នកអានរបស់ខ្លួន ហើយគួរចៀសវាងនូវការសរសេរព័ត៌មានណា ដែលមិនមានភាពចាំបាច់។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលបណ្តុះបណ្តាល Fresh News (Fresh News Training Center) ហៅកាត់ថា «FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ត្រូវបានបង្កើតឡើងកាលពីខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ។ FTC មាន លោក ម៉ារ យ៉ារិទ្ធិ ជាប្រធាន ដែលលោកធ្លាប់ជាអ្នកបណ្តុះបណ្តាល និងប្រឡូកក្នុងវិស័យ សារ ព័ត៌មានអស់រយៈពេលជាង៣០ឆ្នាំមកហើយ។
ព្រឹទ្ធាចារ្យក្នុងវិស័យសារព័ត៌មានរូបនេះ ធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ ក្រៅពីនោះលោកក៏បានចូលរួមក្នុងការបង្កើតស្ថាប័នព័ត៌មាន និងដឹកនាំស្ថាប័នសារព័ត៌មាន ជាច្រើន រហូតអ្នកសារព័ត៌មានជាច្រើនបានផ្ដល់រហ័សនាមជូនលោកថា «អាត់ជួង» នៅកម្ពុជាផងដែរ៕ ដោយ៖ឡុង សំបូរ