ឃាត់ខ្លួនមន្ត្រីយោធាដៃដល់ម្នាក់ ក្រោយប្រើដំបងទ្រវែង វាយសម្លាប់ជនរងគ្រោះ ដែលជាមន្ត្រីយោធា រួមការងារនៅក្នុងអង្គភាពជាមួយគ្នា

0

ខេត្តព្រះវិហារ៖ ជនសង្ស័យដៃដល់ដែលជាមន្ត្រីយោធាម្នាក់ បានរងការចាប់ខ្លួនដោយប្រធានអង្គភាពរបស់ខ្លួន ក្រោមកិច្ចសហការជាមួយ កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត និងកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ នាម៉ោង​ ៩ព្រឹក ថ្ងៃទី១៩តុលាឆ្នាំ២០២១ នៅក្នុងអង្គភាពវរៈសេនាតូចលេខ ៣៧១ ចំណុះអង្គភាពកងពតូចអន្តរាគមន៍លេខ៧ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ ស្ថិតនៅក្នុងភូមិស្រឯមខាងជើង ឃុំស្រឯម ស្រុកជាំក្សាន្ត ។

ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យដៃដល់រូបនោះ បន្ទាប់ពីជនសង្ស័យ បានទាញយកដំបងទ្រវែង ១ដើម មកវាយសម្លាប់ជនរងគ្រោះ ដែលកំពុងដេកនៅលើអង្រឹងទាំងមិនដឹងខ្លួន និងការចាប់ខ្លួនជនសង្ស័យ បានធ្វើឡើងក្រោយទទួលបានបទបញ្ជាពី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ ក្រោមកិច្ចសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក ទី សុវិនថាល់ ។

មេបញ្ជាការរង ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកវរសេនីយ៍ទោ ជួរ ប៊ុនសុង បានប្រាប់ឲ្យដឹងថា ជនសង្ស័យដៃដល់ម្នាក់ ដែលត្រូវឃាត់ខ្លួននៅពេលនោះ ឈ្មោះ នួន វ៉ាន់ ភេទប្រុស អាយុ ៥៥ឆ្នាំ បានយកដំបងឈើ ១ដើម ប្រវែង ០,៨ម៉ែត្រ មកវាយក្បាលជនរងគ្រោះ ឈ្មោះ កែវ ជាថា ភេទប្រុស អាយុ ៤៧ឆ្នាំ រហូតដល់ស្លាប់នៅនឹងកន្លែងកើតហេតុ។ ជនដៃដល់ និងជនរងគ្រោះ គឺជាមន្ត្រីយោធា បម្រើការងារនៅអង្គភាពវរ:សេនាតូចលេខ ៣៧១ ចំណុះអង្គភាពកងពលតូចអន្តរាគមន៍លេខ៧ ក្នុងទិសទី១ ប្រាសាទព្រះវិហារ ។

លោកវរៈសេនីយ៍ មេបញ្ជាការងអាវុធហត្ថខេត្ត បានបន្តឲ្យដឹងទៀតថា ក្រោយការផ្ទុះអំពើហឹង្សាវាយសម្លាប់ជនរងគ្រោះ ដែលជាមន្ត្រីយោធាធ្វើការរួមគ្នា នៅក្នុងអង្គភាពជាមួយគ្នា កាលពីម៉ោង៦ និង១៥នាទីយប់ ថ្ងៃ១៨តុលាឆ្នាំ២០២១ នោះមក ប្រធានអង្គភាពវរៈសេនាតូចលេខ៣៧១ បានចុះឃាត់ខ្លួនជនដៃដល់ នៅម៉ោង ៩ព្រឹក ថ្ងៃ១៩តុលាឆ្នាំ២០២១ និងបានរាយការណ៍មក កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ដើម្បីនាំខ្លួនជនសង្ស័យ មកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ធ្វើការសាកសួរ ។

លោកវរៈសេនីយ៍ទោ ជួរ ប៊ុនសុង បានឲ្យដឹងទៀតថា ក្រោយការស្រាវជ្រាវ និងការផ្តល់ចម្លើយពីជនដៃដល់ ថាខ្លួនគេពិតជាបានវាយសម្លាប់ជនរងគ្រោះនោះមែន ដោយសារតែរឿងគំនំដែលកើតមានជាយូរមកហើយ។ លោកថា តាមការស្រាវជ្រាវ មន្ត្រីជំនាញអាវុធហត្ថ បានរកឃើញថា នៅរយៈកាលកន្លងមក ជនសង្ស័យ និងជនដៃដល់ បានឈ្លោះទាស់ទែងគ្នាម្តងរួចមកហើយ និងអ្នកទាំងពីរតែងបានអង្គុយផឹកស្រាជាមួយគ្នា ហើយនៅមុនពេលកើតហេតុ អ្នកទាំងពីរក៏បានផឹកស្រារួមគ្នាម្តងទៀតដែរ ក្នុងខណៈនោះ ពួកគេក៏បានទាស់សម្តីគ្នាម្តងទៀត រួចក៏បែកផ្លូវគ្នារៀងៗខ្លួន ។ ប៉ុន្តែ ក្រោយមកជនរងគ្រោះ បានដេកនៅលើអង្រឹង នៅក្នុងផ្ទះបាយរបស់អង្គភាព៣៧១ ដោយមិនបានដឹងថា ជនដៃដល់ទាញយកដំបងឈើ ១ដើម មកវាយខ្លួនជនរងគ្រោះរហូតដល់ស្លាប់នោះឡើយ ។

លោកវរៈសេនីយ៍ទោ ជួរ ប៊ុនសុង បានបញ្ជាក់ថា នៅខណៈនេះ ជនសង្ស័យដៃដល់ កំពុងស្ថិតក្រោមការកសាងនីតិវិធី ពីមន្ត្រីជំនាញអាវុធហត្ថខេត្ត និងជនសង្ស័យនឹងត្រូវចោទពីបទ «មនុស្សឃាតដោយចេតនា» ក្រោយបញ្ចប់នីតិវិធី ជនសង្ស័យដៃដល់នឹងត្រូវបញ្ជូនខ្លួន ទៅកាន់តុលាការខេត្តព្រះវិហារ ចាត់ការផ្លូវច្បាប់ ៕ដោយ៖ឡុង សំបូរ