អនុប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជាប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន៦លានរៀនជូនគ្រួសារមន្ត្រីប៉ូលីសទទួលមរណភាព

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរង ផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា ខេត្តតាកែវ និងក្រុមការងារស្នងការដ្ឋាននគរបាលខេត្ត ប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន ៦.០០០.០០០៛(ប្រាំមួយលានរៀល) ថវិកា របស់ ឯកឧត្ដម អ៊ូច ភា អភិបាល នៃគណ:អភិបាលខេត្តតាកែវ ចំនួន ១.០០០.០០០៛ (មួយលានរៀល) ថវិកា របស់លោក ឧត្ដមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ចំនួន ៥០០.០០០(ហាសិបម៉ឺនរៀល) អង្ករចំនួន ០១បាវ(៥០គីឡូក្រាម) ទឹកត្រីចំនួន ០២យួរ ទឹកបរិសុទ្ធចំនួន ០៣កេស មីចំនួន ០២កេស នឹង ថវិកា របស់អធិការដ្ឋាននគរបាលស្រុកកោះអណ្ដែត ចំនួន ៨១០.០០០៛(ប៉ែតសិបមួយម៉ឺនរៀល)ជូនដល់លោកស្រី សយ ចន្នី ត្រូវជាភរិយាសព លោកវរសេនីយ៍ត្រី ទោះ អឿ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលរមេញ នៃអធិការដ្ឋាននគរបាលស្រុកកោះអណ្ដែត ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ដោយជម្ងឺ(រោគាពាធ) ស្ថិតនៅភូមិចំបក់ឯក ឃុំរមេញ ស្រុកកោះអណ្ដែត ខេត្តតាកែវ។
ឆ្លៀតក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី ស្នងការរង បានសំណេះសំណាលជាមួយក្រុមគ្រួសារសព និងសំដែងនូវការអាឡោះអាល័យ សោកស្តាយ ចំពោះការបាត់បង់ស្វាមី និងឪពុកដ៏ល្អ ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខ ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមមិត្តនគរបាលជាតិកម្ពុជា និងលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា នៃស្នងការដ្ឋាននគរបាលខេត្តតាកែវផងដែរ៕