(កំពង់ធំ)÷ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំប្រចាំខែ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ និងផែនការណែនាំស្តីពី ការរៀបចំការចូលរៀនឡើងវិញ ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ការទប់ស្កាត់បទល្មើសផ្សេងៗដោយមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបី អភិបាលក្រុង/ស្រុកទាំង៩ នាព្រឹកថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័កពុទ្ធសករាជ ២៥៦៥ ត្រូវថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២១ នៅសាលាខេត្តកំពង់ធំ ។
ឆ្លៀតក្នុងឱកាសនេះឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ពី ការចូលរៀនឡើងវិញ សិស្សបាក់ឌុបឆ្នាំនេះគឺបាត់បង់ឱកាសការរៀនសូត្រ ដូច្នេះសូមសិស្សានុសិស្សទាំងអស់ត្រូវតែរៀនតាមអនឡាញមន្ថែមទៀត។សាលារៀនមួយចំនួនពុំទាន់បើកឲ្យដំណើរការទាំងអស់នោះទេ ពិសេសគឺសាលាបឋមសិក្សា ប្រសិនបើមានអ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងថ្នាក់នោះគឺបិទថ្នាក់នោះជាបន្ទាន់។ ចំពោះផ្នែកសុខាភិបាលវិញពាក់ព័ន្ធ និងអ្នកមរណភាពត្រូវតែពិនិត្យសំណាកគាត់ជាបន្ទាន់ដើម្បីដឹងពីការឆ្លងជំងឺកូវីដ-១៩ ក្នុងការទប់ស្កាត់ឲ្យបានទាន់ពេលវេលា។ ចុះពិនិត្យតាមដានសុខភាពបងប្អូននៅមណ្ឌលចត្តាឡីស័កបន្ថែមទៀត ដោយក្រុមគ្រូពេទ្យជំនាញ និងណែនាំពីការរក្សាសុខភាពដើម្បីការពារ(បីកុំបីការពារ)តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ឯកឧត្តមក៏បានបន្តទៀតថាទាក់ទងនឹងបទល្មើសផ្សេងៗករណីនេសាទត្រីនៅរដូវត្រីពងគឺចូលរួមការពារឱ្យបានទាន់ពេលវេលា ដើម្បីជាប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ។ សូមពិនិត្យឡើងវិញការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅលើដីរដ្ឋ ប្រមូលទិន្នន័យឱ្យបានជាក់លាក់ក្នុងការរក្សាការពារជូនគាត់ឱ្យមានសុវត្ថិភាពក្នុងការរស់នៅ ។សេវាតម្រូវការជូនដល់ប្រពលរដ្ឋគឺធ្វើអត្តសញ្ញាណប័ណ្ណជូនគាត់ឱ្យបានទាន់ពេលវេលា ឲ្យប្រើប្រាស់ក្នុងពេលបោះឆ្នោតខាងមុខនេះ។
ជាចុងក្រោយឯកឧត្តម ក៏បានសង្កត់ធ្ងន់ដល់អភិបាលក្រុង/ស្រុកទាំងអស់ត្រូវចុះផ្សព្វផ្សាយឲ្យបានទូលំទូលាយពីការរីករាលដាលនៃជំងឺកូវិដ-១៩ ដល់បងប្អូនជាពលរដ្ឋនៅតាមមូលដ្ឋាន។ សូមអំពាវនាវដល់ថ្នាក់ដឹកនាំទាំងអស់មេត្តាចូលរួមការប្រើប្រាស់គ្រឿងញៀន គោរពច្បាប់ចរាចរណ៍ផ្លូវគោក ទប់ស្កាត់នូវបទល្មើសផ្សេងៗ ពិសេសល្បែងស៊ីសងដែលកើតឡើងតាមមូលដ្ឋាន។





































