ករណីនាំមនុស្សឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ត្រូវបានបញ្ជូនជនសង្ស័យ២នាក់ ទៅតុលាការហើយកាលពីព្រឹកមិញ

បន្ទាយមានជ័យ៖ជនសង្ស័យ ២នាក់ត្រូវបានកម្លាំងអាវុធហត្ថស្រុកម៉ាឡៃ សហការ ជាមួយកម្លាំងសឹករងស្រុកម៉ាឡៃ ធ្វើការបង្ក្រាបឃាត់ខ្លួន បញ្ជូនទៅតុលាការ ហើយកាលពីព្រឹកមិញថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ ។
លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លើការទប់ស្កាត់បទល្មើសតាមព្រំដែនគ្រប់ប្រភេទ ជាពិសេសការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ ក្នុងសម័យកាលវិបត្តិកូវីដ១៩នេះ ។ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានអាវុធហត្ថស្រុកម៉ាឡៃ បានសហការជាមួយកម្លាំងផ្នែកសឹករងម៉ាឡៃ វរៈ ៨១៩ ស្រាវជ្រាវនិងស្ទាក់ឃាត់ដំណើរមនុស្សចំនួន១៤នាក់ ស្រី៧នាក់ ព្យាយាមឆ្លងដែនដោយខុសចូលទឹកដីថៃ នៅចំណុចភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្នុងនោះមាន២នាក់ជាមេខ្យល់ ១/-ឈ្មោះ សេន តុលា ភេទប្រុស អាយុ៣៩ឆ្នាំ ២/-ឈ្មោះ អឿន អុល ភេទប្រុស អាយុ៣២ឆ្នាំ ទាំង២នាក់ មានទីលំនៅភូមិស្ពានយោល ឃុំសីម៉ា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
លោកវរសេនីយ៍ត្រី តាំង សុខហេង បានបញ្ជាក់ទៀតថា ក្រោយឃាត់ខ្លួន និងសាកសួរពលករខ្មែរចំនួន១២នាក់រួច ត្រូវបានកម្លាំងបញ្ជូនទៅមណ្ឌលចត្តាឡីស័កវិទ្យាល័យម៉ាឡៃ ចំណែកជនសង្ស័យជាមេខ្យល់ ចំនួន០២នាក់ ត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុក កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ លោកបានរាយការណ៍ជូនលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងការិយាប្រឆាំងការជួញដូរមនុស្សកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងហើយ ៕ដោយ៖ឃិន គន្ធា