ខេត្តកំពង់ធំ៖ កម្លាំងអធិការដ្ឋានរដ្ឋបាលព្រៃឈើ ខាងជើងបឹងទន្លេសាប សហការជាមួយ កម្លាំងរដ្ឋបាលព្រៃឈើខេត្តកពង់ធំ ចុះឃាត់រថយន្តសាំយ៉ុងដឹកឈើ ១គ្រឿង រឹបអូសឈើបានជិត ២ម៉ែត្រគូបត្រីគុណ កាលពីម៉ោង ១១ និង១៥នាទី ថ្ងៃទី២៤តុលាឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិជាំ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
មន្ត្រីសមត្ថកិច្ចក្នុងការបង្ក្រាបរថយន្តនោះ បានឲ្យដឹងថា រថយន្តដែលរងការបង្ក្រាបនោះ ប្រភេទសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2Q-០៦៩៦ ដឹកឈើកែច្នៃគ្រឿងផ្ទះ ប្រភេទឈើលេខ១(ឈើត្រសេក) ២៨ដុំ ស្មើ ១,៨០ ម៉ែត្រគូបត្រីគុណ ។
មន្ត្រីដដែលបានឲ្យដឹងទៀតថា រថយន្តដឹកឈើដែលរងការបង្ក្រាននោះ មានម្ចាស់ ឈ្មោះ ងឿន ហ័ន ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិចុងដូង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ឈើទាំងនេះដឹកចេញពីភូមិបឹង ស្រុកសណ្ដាន់ ក្នុងបំណងនាំយកទៅកាន់គោលដៅស្រុកសន្ទុក ដើម្បីលក់ដូរនៅទីនោះ តែត្រូវបានឃាត់ ដោយកម្លាំងសមត្ថកិច្ច នៅក្នុងមូលដ្ឋាននោះ ។
ក្រោយការបង្ក្រាប រថយន្តដឹកឈើ ១គ្រឿងនោះ ត្រូវបាននាំយកទៅរក្សាទុក នៅស្នាក់ការអធិការដ្ឋានរដ្ឋបាលព្រៃឈើ ខាងជើងបឹងទន្លេសាប ដើម្បីកសាងសំណុំឯកសារ ចាត់ការតាមច្បាប់ ៕ ដោយ៖ឡុង សំបូរ