(ខេត្តកំពត)៖ ទំនាស់ដីរវាងម្ចាស់គម្រោងបុរី និងប្រជាពលរដ្ឋ៤គ្រួសារ ស្ថិតក្នុងភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត ដែលពលរដ្ឋខាងលើអះអាងថាអាងទឹក ដែលបន្សល់ទុកជាយូរមកហើយនោះ ត្រូវបានរកដំណោះស្រាយបញ្ចប់វិវាទ ពីសំណាក់ប្រមុខដឹកនាំខេត្តកំពតថ្មីគឺ ឯកឧត្តម ម៉ៅ ធនិន កាលពីព្រឹកមិញនេះ ខណៈរឿងរ៉ាវត្រូវបានបកស្រាយរវាងភាគីទាំងសងខាងរួចមក។
ក្នុងជំនួបប្រជាពលរដ្ឋដើម្បីដោះស្រាយទំនាស់ នៅវេទិកាមុខសាលាស្រុកដងទង់ កាលពីព្រឹកថ្ងៃអាទិត្យ ទី២៤ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់អាជ្ញាធរពាក់ព័ន្ធថា ក្នុងនាមជាអ្នកគ្រប់គ្រងរដ្ឋបាលដែនដី ដែលប្រៀបបានជាឪពុកម្តាយរបស់ពលរដ្ឋ មិនគួរបណ្តែតបណ្តោយឱ្យរឿងរ៉ាវតូចតាច ក្លាយជារឿងរ៉ាវធំ ហើយដោះស្រាយមិនចេញបែបនេះទេ ព្រោះថាក្នុងនាមជាអាជ្ញាធរមានតួនាទីនិងមានសិទ្ធិគ្រប់គ្រាន់ក្នុងការវែកញែកខុស-ត្រូវ ក្នុងការសម្រេចកិច្ចការអ្វីមួយ ជូនប្រជាពលរដ្ឋដោយគ្មានភាពលំអៀង។
បន្ទាប់ពីជជីកសួរ និងបានស្តាប់ការលើកឡើងរបស់ភាគីជម្លោះទាំងសងខាងរួចមក ឯកឧត្តមអភិបាលខេត្តបានទទួលស្គាល់ថា ម្ចាស់ភាគីម្ចាស់បុរីគ្រាន់តែទទួលទិញសិទ្ធិអាស្រ័យផលពីប្រជាពលដ្ឋចំនួន១៩គ្រួសារ ប៉ុន្តែគម្រោងសាងសង់បុរីនេះ នៅមិនទាន់សម្រេចឱ្យនោះទេ ដោយរង់ចាំការសិក្សាផ្លូវច្បាប់ និងធ្វើវេទិកាពិគ្រោះយោបល់ជាមួយបងប្អូនប្រជាពលរដ្ឋសិន ព្រោះការអភិវឌ្ឍនេះដើម្បីប្រជាពលរដ្ឋ មិនមែនសម្រាប់បុគ្គលពីរ ឬបីនាក់នោះទេ។ដោយឡែកចំពោះប្រជាពលរដ្ឋ៤គ្រួសារដែលអះអាងថា ជាម្ចាស់ដីស្ថិតនៅក្នុងគម្រោងបុរីនោះដែរ នឹងទទួលបានដីវិញ ប្រសិនជាពួកគាត់ពិតជាមានដីពិតប្រាកដនៅទីនោះមែន។
ជាមួយគ្នានេះ ឯកឧត្តម ម៉ៅ ធនិន ក៏បានស្នើដល់ប្រជាពលរដ្ឋ ត្រូវចេះរក្សាសាមគ្គីគ្នា ត្រូវចេះយោគយល់ ចេះស្រលាញ់គ្នា រាប់អានគ្នាទៅវិញទៅមក ដោយត្រូវចាត់ទុកជាក្រុមគ្រួសារតែមួយ កុំឈ្លោះទាស់ទែងគ្នាដោយសារអាហារ៣ពេល កុំកុហកបោកប្រាស់គ្នាព្រោះតែលុយ ឬលាភសក្ការៈផ្សេងៗ កុំបំផ្លើស ឬបំពារបំពានគ្នា ហើយឈប់ខឹងចងគំនុំគ្នាចាប់ពីពេលនេះតទៅ។ហើយអំណើសតទៅ ឯកឧត្តម នឹងស្វែងរកយុត្តិធម៌ដ៏ត្រឹមត្រូវ តាមលក្ខខ័ណ្ឌទាំងពីរផ្តល់ជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ទូទាំងខេត្តកំពត៕ សេង ណារិទ្ធ





































