(ខេត្តកំពត)៖ យ៉ាងហោចណាស់ មនុស្សម្នាក់បានស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ រថយន្តទំនើបម៉ាកFORD ពណ៌ខ្មៅ ដោយរយន្តបានបុករះម៉ូតូចំនួន៣គ្រឿង ក្នុងទិសដៅផ្ទុយគ្នា។
គ្រោះថ្នាក់គួរឱ្យព្រឺព្រួចនេះ បានកើតឡើងនៅវេលាម៉ោង១និង២៤នាទី រសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចមុខផ្សារកំពង់ត្នោត ភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត លើកំណាត់ផ្លូវជាតិលេខ៣៣ រវាងរថយន្តនិងម៉ូតូ៣គ្រឿង។
ជុំវិញករណីគ្រោះថ្នាក់ចរាចរខាងលើ បើតាមការរៀបរាប់ពីសាក្សីដែលឃើញហេតុការណ៍ផ្ទាល់ភ្នែកបាននិយាយថា មុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាកហ្វត(FORD)ពណ៌ខ្មៅបោះពួយមកពីកើតទៅលិច លុះមកដល់ចំណុចគ្រោះថ្នាក់ ក៏ជ្រុលទៅបុកម៉ូតូC125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១០ ពាក់ស្លាកលេខ ភ្នំពេញ 1AO-1062 ដែលបើកបរមកពីលិចទៅកើតបណ្តាលឱ្យម្ចាស់ម៉ូតូរបួសធ្ងន់ បាក់ជើងស្តាំ ហើយរថយន្តបង្កបានរេចង្កូចជ្រុលទៅបុកម៉ូតូម៉ាក125 ចំនួន១គ្រឿង ដែលធ្វើដំណើរមកពីលិចទៅកើតដូចគ្នា រួចរថយន្តបន្តជ្រុលទៅបុកម៉ូតូ១គ្រឿងទៀតដែលម្ចាស់កំពុងចតឈប់ទិញម៉ាស នៅចញ្ចើមផ្លូវ បណ្តាលឱ្យអ្នកជិះម៉ូតូទាំង៣ គ្រឿង មានអ្នកស្លាប់និងរងរបួសធ្ងន់ស្រាលដេករដូករណែលតែម្តង។
ចំពោះករណីគ្រោះថ្នាក់ខាងលើ សមត្ថកិច្ចដែលចុះមកវាស់វែង បានឱ្យដឹងថា អ្នកស្លាប់ក្នុងហេតុការណ៍នេះ មានឈ្មោះ ណូត អាស៊ីយ៉ាស់ ភេទស្រី អាយុប្រលែលជាង៤០ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំក្នុងឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ដោយស្ត្រីរងគ្រោះជិះម៉ូតូម៉ាកC125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CM-8524 ដឹកសាច់ក្រកលក់។ចំណែកអ្នកជិះម៉ូតូ២គ្រឿងផ្សេងទៀត សមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ដោយសារជនរងគ្រោះរងរបួសធ្ងន់ ហើយត្រូវបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ដោយឡែកអ្នកបើកបររថយន្តបង្កបានគេចខ្លួនបាត់ស្រមោលឈឹង។
បច្ចុប្បន្នមធ្យោបាយពាក់ព័ន្ធ ក្រោយពីវាស់វែងសមត្ថកិច្ចបាននាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទឹកឈូ ដើម្បីទុកដោះស្រាយគ្នានៅពេលក្រោយ៕ សេង ណារិទ្ធ





































