កំពង់ឆ្នាំង៖យុវជនជាចោរ៤នាក់ត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនដល់ផ្ទះនិងដល់កន្លែងធ្វើការបន្ទាប់ពីទទួលបានពាក្យបណ្ដឹង ថាពួកគេបានលួចសណ្ដែកបាយជាលើកទី៣ចំនួន២ការ៉ុងយកទៅលក់អោយគេ។ករណីចាប់ខ្លួននេះបានធ្វើឡើងវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤ នៅក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
លោក ប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្តនិងជាប្រធានការិយាល័យកណ្ដាលយុត្តិ ធម៌បានអោយអ្នកយកពត៌មានយើងដឹងថា៖ជនល្មើសទាំង៤នាក់មាន ១ឈ្មោះ រស់ សុភា អាយុ១៧ឆ្នាំ ជាជាងជួសជុលម៉ូតូ ២ឈ្មោះ វាយ សំបាន អាយុ១៨ឆ្នាំ ជាកម្មករលាងម៉ូតូឡាន ៣ឈ្មោះ សំ បញ្ញា អាយុ១៧ឆ្នាំ ជាកម្មករលាងឡានម៉ូតូ ៤ឈ្មោះ ថាប់ ចំរើន អាយុ ១៩ឆ្នាំ ជាជាងជួសជុលរថយន្ត ពួកគេទាំង៤នាក់រស់នៅក្នុងភូមិដំណាក់ពពូល សង្កាត់កំ ពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
សកម្មភាពរបស់ពួកគេចាប់ពីថ្ងៃទី០២ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤ បាននាំគ្នាលួចសណ្ដែកបាយរបស់នាក់ភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ម្នាក់ចំនួន៣លើក នៅលើកចុងក្រោយក្នុងយប់ថ្ងៃទី១៩ ខែសីហា វេលាម៉ោង១និង៣០នាទីយប់ រំលងអា ធ្រាតគេលួចបានសណ្ដែកបាយ២ការ៉ុងក្នុង១ការុងៗមានទំងន់៦០គីឡូ យកទៅលក់នៅពាក់កណ្ដាលផ្សារលើនិងផ្សាក្រោមក្នុងសង្កាត់ផ្សារឆ្នាំងបានលុយ៤០ម៉ឺនរៀល។
ប៉ុន្ដែបើអោយគេលក់តាមតំលៃហាងឆេងត្រឹមត្រូវនោះត្រូវបានប្រាក់៦០ម៉ឺនរៀល។ ក្នុងពេលពួកគេនាំគ្នាចូលលួចសណ្ដែកបាយជាលើកចុងក្រោយត្រូវបានម្ចាស់គេទាន់ហើយយកកំពួចដេញបាញ់តែមិនត្រូវ ហើយក៍ត្រូវបានម្ចាស់សណ្ដែកស្គាល់មុខនិងស្គាល់ឈ្មោះទាំង៤នាក់ផងដែរ ព្រោះតែពួកគេធ្លាប់ធ្វើជាកម្មករលីសែងសណ្ដែកទាំងនោះចូលឃ្លាំង។បន្ទាប់មកម្ចាស់សណ្ដែកបានដាក់ពាក្យបណ្ដឹងទើបសមត្ថកិច្ចតាមចាប់ខ្លួនពួកគេបានតែម្តង។
នៅពេលចាប់ខ្លួនបានពួកគេទាំង៤នាក់សមត្ថកិច្ចស្រាវជ្រាវរឹបអូសបានសណ្ដែកបាយ២ការ៉ុងពីអ្នកទិញ និងម៉ូតូសង់កូរ៉េពណ៌ក្រហមមួយគ្រឿងអត់ស្លាកលេខដែលជាវត្ថុតាងប្រព្រឹត្តបទល្មើស។ជនល្មើសទាំង៤នាក់រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចនគរបាលការិយាព្រហ្មទ័ណ្ឌកំរិតស្រាលខេត្ត កសាងសំណុំរឿងតាមនិតិវិធីបញ្ចូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមផ្លូវច្បាប់៕