ពុទ្ធោជីដូននាំចៅប្រុសយកបាយទៅឲ្យប្តីនៅឯកន្លែងដាក់សាបត្រីជាអកុសល លង់ទឹកស្លាប់ទាំងពីរនាក់

កំពង់ធំ:រឿងរាវគួរឲ្យសង្វេគជីវិតកសិករក្រក្រីក៏ដូចជីវិតអ្នកនេសាទត្រីរស់ពឹងផ្អែកទៅលើកម្លាំងពលកម្មសុទ្ធសាតជាក់ស្តើងនៅ ថ្ងៃទី ២៩ តុលា ២០២១ វេលាម៉ោង ១១.៣០នាទីនៅចំនុចត្រពាំងឫស្សីជុំ ភូមិថ្នល់បែក (ក) ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីយ៍ជីដូននិងចៅប្រុសលង់ទឹងស្លាប់យ៉ាងអាណោចអធ័ម យោងតាមប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុជីដូនបាននាំចៅប្រុសយកបាយទៅឲ្យប្តីនៅឯកន្លែងដាក់សាបត្រី ពេលភ្ជួរបាយម្ហូបនិងដើមឈើរទុកឲ្យប្តីរួចរាល់បាននាំចៅវិលត្រឡប់មកផ្ទះវិញ លុះពាក់កណ្តាលផ្លូវ ចៅបានរអិលជើងធ្លាក់ទឹកស្រះរណ្តៅអាអ៊ិច ជីដូនក៏ស្ទុះទៅជួយស្រង់ចៅ ដោយសារតែរណ្តៅទឹកជ្រៅពេក ជីដូនក៏បានលង់ស្លាប់ទៅតាមចៅយ៉ាងអាណោចអធ័ម

១/ សពឈ្មោះ ឡាង អេង ភេទស្រី អាយុ៥០ ឆ្នាំនៅភូមិ ឃុំកើតហេតុ (ត្រូវជាជីដូនបង្កើត)

២/សពឈ្មោះ វណ្ណា មេត្តា ភេទប្រុស អាយុ ០៤ ឆ្នាំ(ត្រូវជាចៅបង្កើត) នៅភូមិជាមួយ ។

អំពីដំណេីររឿងតាមការបំភ្លឺពីឈ្មោះ យ៉ាន យាត ត្រូវជាប្ដីរបស់សពឈ្មោះ ឡាង អេង និងត្រូវជាតាបង្កើត សពវណ្ណា មេត្តា ឲ្យដឹងថា: នៅថ្ងៃទី២៩ តុលា ២០២១ គាត់ទៅដាក់សាបយកត្រីដូចសព្វដង ដល់ម៉ោងប្រហែល ១១.០០ នាទី ស្រាប់តែឃើញប្រពន្ធរបស់គាត់និងចៅទៅដល់កន្លែងដាក់សាប ហើយប្រពន្ធគាត់បានប្រាប់ឲ្យគាត់ទៅយកបាយព្យួរទុកនៅឯដើមក្រសាំងឯណោះព្រោះគាត់យកមកមិនរួចទេ ពិបាកដេីរកាត់ទឹក កាត់ស្រូវ យួរបាយផងពរចៅផង គាត់បានប្រាប់ទៅប្រពន្ធឲ្យអង្គុយចាំត្រង់ម្លប់ដើមឈើក្បែរកន្លែងដាក់សាបនេះ ប្រាប់រួចគាត់ក៍ដើរទៅយកបាយដែលទុកនៅចម្ងាយប្រហែល១គីឡូម៉ែត្រ។ក្រោយពីយកបាយគាត់ដើរត្រលប់មកវិញ ពុំឃើញប្រពន្ធ និងចៅ ភ្លាមៗនោះតេទូរស័ព្ទប្រាប់កូនស្រីឈ្មោះ យាត គឹមអឿន ប្រាប់ថាម្តាយឯង និងចៅឲ្យនៅចាំកន្លែងដាក់សាបបាត់រកមិនឃេីញទេ។ មួយសន្ទុះក្រោយមកកូនស្រីក៏ទៅដល់ហេីយគាត់ និងកូនស្រីដើររកប្រពន្ធនិងចៅប្រុសបន្តទៀត ក៏ប្រទះឃើញមួកអណ្ដែតទឹកស្រះ គាត់ចុះទៅរាវរកយ៉ាងយូរ ទើបប្រទះឃើញប្រពន្ធស្លាប់បាត់ទៅហើយ និងបន្តរាវរកចៅប្រហែល១ម៉ោងជាង ទើបឃើញចៅប្រុស ។

តាមការបំភ្លឺពីឈ្មោះ យាត គឹមអឿន ត្រូវជាម្តាយសព វណ្ណា មេត្តា និងជាកូនបង្កើតសព ឡាង អេងបានឲ្យដឹងថាជារៀងរាល់ថ្ងៃឪពុករបស់នាង តែងតែទៅដាក់សាបយកត្រីនៅចំនុចត្រពាំងឬស្សីជុំ ភូមិថ្នល់បែក (ក) ឃុំត្រពាំងឫស្សី ចម្ងាយ ៤គីឡូម៉ែត្រពីផ្ទះ ហើយដល់ម៉ោងបាយថ្ងៃត្រង់ទេីបគាត់ត្រលប់មកហូបបាយផ្ទះវិញជួបជុំប្រពន្ធកូន ពុំដែលមានរឿងឈ្លោះប្រកែកគ្នាឡើយ ប៉ុន្តែ នៅថ្ងៃទី២៩ តុលា ២០២១ ឪពុករបស់នាងទៅដាក់សាបត្រីដូចសពដង ដល់ម៉ោងប្រហែល ១០:៣០នាទីម្ដាយរបស់ខ្លួនឈ្មោះ ឡាង អេង (សព)បាននិយាយជាមួយខ្លួនថា គាត់ចង់យកបាយទៅឲ្យឪពុកហេីយគាត់ក៏បានបបួលចៅប្រុស ត្រូវជាកូនរបស់ខ្លួនទៅជាមួយ។ លុះក្រោយមក នៅម៉ោងប្រហែល ១១:៣០នាទី ឪពុករបស់ខ្លួនបានទូរស័ព្ទមកប្រាប់ថា គាត់ដើរទៅយកបាយព្យួរនៅដើមក្រសាំង ពេលដើរត្រលប់ទៅវិញ ពុំឃើញម្ដាយរបស់ខ្លួន និងចៅមិនដឹងទៅណាទេ ភ្លាមនោះខ្លួនក៏ទៅទីនោះឃើញឪពុកកំពុងដើររកម្ដាយនិងកូនប្រុសខ្លួន បន្តិចក្រោយមកឪពុករបស់ខ្លួនក៏ចុះទៅរាវនៅក្នុងស្រះ ប្រហែលជា១ម៉ោងជាង ទេីបប្រទះឃើញម្ដាយរបស់ខ្លួន លង់ទឹកស្រះស្លាប់បាត់ទៅហើយ ក៏បន្ត រាវរកទៀតយ៉ាងយូរ ប្រទះឃើញកូនប្រុសរបស់ខ្លួនលង់ទឹកស្រះ ដែលជារណ្តៅ AX ជីកជំរៅ១ដៃAX ស្លាប់ជាមួយគ្នាដែរ ។

ទទួលបានដំណឹង កំលាំងជំនាញ កំលាំងប៉ុស្តិ អាជ្ញាធរភូមិ បានចុះពិនិត្យ

ដល់កន្លែងកើតហេតុ និងសាកសព ។

ការពិនិត្យ: សពពុំមានស្នាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ។

សន្និដ្ឋាន: សពស្លាប់ដោយសារលង់ទឹកស្រះ មិនពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ ។

ក្រោយពិនិត្យចប់ សម្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕អ៊ុងសំអាត