រដ្ឋបាលខេត្តព្រះវិហារ បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារអាយុ ៥ឆ្នាំ នៅទូទាំងក្រុង-ស្រុកទាំង ៨ ទៅតាមគោលការណ៍ស្ម័គ្រចិត្ត និងដោយឥតគិតថ្លៃពី រាជរដ្ឋាភិបាល

0

ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី៣១តុលាឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន និងអំពាវនាវដល់មាតា បិតា ឬ អាណាព្យាបាល ដែលរស់នៅតាមបណ្តាក្រុង-ស្រុកទាំង ៨ ត្រូវនាំកូនដែលគ្រប់អាយុ ៥ឆ្នាំ ទៅទទួលការចាក់វ៉ាក់សាំងតាមការស្ម័គ្រចិត្ត និងដោយឥតគិតថ្លៃ នៅតាមទីតាំងចាក់វ៉ាក់សាំង ដែលរដ្ឋបាលក្រុង-ស្រុកបានរៀបចំរួចជាស្រេច ។

យុទ្ធនាការចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារអាយុ ៥ឆ្នាំនេះ នឹងដំណើរការចាក់ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ ដែលមានរយៈពេល ១៤ថ្ងៃ ក្នុងការចាក់ដូសទី១ ដោយនៅពេលព្រឹក ចាប់ដំណើរការពីម៉ោង ៧ និង៣០នាទី ដល់ម៉ោង ១១ និង៣០នាទី និងពេលរសៀល ចាប់ដំណើរការពីម៉ោង ១ និង៣០នាទី ដល់ម៉ោង ៥ និង៣០នាទីល្ងាច ។

រដ្ឋបាលខេត្តព្រះវិហារ បានបន្តអំពាវនាវដល់មាតា បិតា ឬ អាណាព្យាបាលកុមារអាយុ ៥ឆ្នាំទាំងអស់ ត្រូវនាំយកកូនមកចូលរួមចាក់វ៉ាក់សាំង នៅតាមទីតាំងនីមួយៗ នៃរដ្ឋបាលក្រុង-ស្រុកទាំង៨ ជៀសវាងការមកប្រមូលផ្តុំគ្នា ដែលបង្កហានីភ័យខ្ពស់ក្នុងការចម្លងជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការអនាម័យ រក្សាគម្លាត និងពាក់ម៉ាសឲ្យបានគ្រប់ៗគ្នា ពេលមកទទួលការចាក់វ៉ាក់សាំង ៕ ដោយ៖ឡុង សំបូរ