អភិបាលខេត្តប៉ៃលិន បើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩(ស៊ីណូវ៉ាក់)ជូនដល់កុមារ អាយុ៥ ឆ្នាំ

0

(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិការ ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន ព្រមទាំងឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ត្រីរាជការជុំវិញខេត្ត បានអញ្ជើញចូលរួមបើកយុទ្ធនាការចាក់វ៉ាក់សាំង បង្កាជំងឺកូវីដ ១៩ (ស៊ីណូវ៉ាក់) ជូនដល់កុមារអាយុ ៥ ឆ្នាំ នៅបរិវេណមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា វ៉ាក់សាំងបង្ការជំងឺកូវីដ~១៩ បានស្រោចស្រប់ទូទាំងប្រទេស ធ្វើប្រជាជនបានទទួលការចាក់វ៉ាក់សាំងគ្រប់ៗគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩ ជាពិសេសនោះវីរុសបំលែងថ្មីដែលហៅថាដែលតា ដែលបានឆ្លងនៅក្នុងបណ្ដាខេត្តមួយចំនួន និងរាជធានីនៃព្រះរាជាណាចក្រកម្ពុជា និងការបញ្ឈប់ការឆ្លងរីករាលដាលក្នុងសហគមន៍ ជាក់ស្តែងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចបានផ្ដល់ ការចាក់វ៉ាក់សាំងបង្ការ ដល់កុមារ អាយុ ៥ឆ្នាំ នៅក្របខណ្ឌទូទាំងប្រទេស ។ លោកជំទាវអភិបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តានាំកូន ចៅ ដែលមានអាយុ៥ ឆ្នាំ ទៅចាក់វ៉ាក់សាំង អោយបានគ្រប់ៗគ្នា ដើម្បីធ្វើឱ្យមានភាពសាំនៅក្នុងសហគមន៍ ដែលនេះគឺជាកត្តាមួយដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាល ជំងឺកូវីដ១៩ ។ លោកជំទាវបន្ថែមថាបើទោះបីជាយើងចាក់វ៉ាក់សាំង រួចហើយយ៉ាងណាក្តី ក៏យើងកុំភ្លេចចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលនានាឲ្យបានសមស្រប ជាពិសេសវិធានការ៣ការពារ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដើម្បីយកឈ្នះលើសមរភូមិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជាកាត់ផ្តាច់ខ្សែរចម្លង ការរីករាលដាលនៃកូវីដ១៩ ។
មាតាបិតា ដែលជាអាណាព្យាបាលរបស់ក្មួយៗកុមារា កុមារី ដែលបានទទួលវ៉ាក់សាំង បានសំដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងសម្រាប់ជូនប្រជាពលរដ្ឋតាមរយៈការបញ្ជាទិញ តាមរយៈយន្តការទ្វេភាគី ពហុភាគី និងយន្តការកូវ៉ាក់ ដែលជាហេតុធ្វើឱ្យកម្ពុជាមានលទ្ធភាពផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានល្អ ដូចអ្វីដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១ ខែសីហាឆ្នាំ២០២១កន្លងទៅនេះថា ដំណើរការនៃការចាក់វ៉ាក់សាំងបានល្អសម្រាប់ប្រទេសកម្ពុជាគឺមានយន្តការ៥ធំៗក្នុងនោះទីមួយគឺ អភិបាលកិច្ចល្អ ទី២មានប្រភពវ៉ាក់សាំងច្បាស់លាស់ ទី៣មានធនធានថវិកាសម្រាប់ប្រើប្រាស់ ទី៤មានធនធានមនុស្សគ្រប់គ្រាន់ និងទី៥ដោយមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ។
គួរបញ្ជាក់ផងដែរថា ការផ្តល់វ៉ាក់សាំងកុមារអាយុ ៥ឆ្នាំ នាពេលនេះ ត្រូវផ្តល់អោយតាមមណ្ឌលនានា ក្នុងខេត្តប៉ៃលិន ដូចជា៖មន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន,មណ្ឌលសុខភាពភ្នំស្ពង់ និងមណ្ឌល សុខភាពផ្សារព្រំ ផងដែរ៕