មេទ័ពប្រចាំព្រំដែន ចុះដោះស្រាយទាស់ដីធ្លី ជូនពលរដ្ឋ កងទ័ពនិងគ្រួសារ និងប្រកាសច្រានចោលទាំងស្រុង ការផ្សាយព័ត៌មានមិនពិតតាមបណ្តាញសង្គម ដែលបានចោទ ប្រធានអង្គភាពយោធាមួយ រំលោភយកដី ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន

0

ខេត្តព្រះវិហារ៖ កងទ័ពប្រភេទ២ និងគ្រួសារ និងប្រជាពលរដ្ឋចំណាកស្រុកជាង ៣០គ្រួសារ ទទួលបានយកចិត្តទុកដាក់ពី មេបញ្ជាការតំបន់ប្រតិបត្តិការសិករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ដោយទទួលបានការសន្យា នឹងរកដំណោះស្រាយដីធ្លីសមស្របណាមួយ  ដែលពួកគាត់មានទំនាស់ ជាមួយក្រុមហ៊ុនសម្បទានដីមួយ នៅក្នុងភូមិសាស្ត្រ នៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី៣វិច្ឆិកាឆ្នាំ២០២១ ។

ស្របពេលជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ក៏បានប្រកាសច្រានចោលទាំងស្រុង ចំពោះការផ្សាព្វផ្សាយព័ត៌មានមិនពិតតាមបណ្តាញសង្គម ដែលបានផ្សាយជាច្រើនលើក ច្រើនគ្រា ដោយចោទប្រកាន់ថា នាយទាហាន នៅក្នុងអង្គភាពវរៈសេនាតូចលេខ២ ឃុបឃិតគ្នាជាប្រព័ន្ធ រំលោភយកដីគោលរបបរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់ជូនប្រជាពលរដ្ឋ គ្រួសារកងទ័ព និងកងទ័ព នាពេលកន្លងមកនេះ ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានមានប្រសាសន៍ថា «ដោយសារមានការចុះផ្សាយជាបន្តបន្ទាប់ របស់ទូរទស្សន៍អនឡាញមួយ ចោទប្រកាន់មន្ត្រីយោធាជាច្រើនរូប នៅអង្គភាពវរៈសេនាតូចលេខ២ ថាយកដីគោលរបបរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានប្រគល់ជូនគ្រួសារកងទ័ព និងកងទ័ព ដោយឃុបឃិតគ្នាជាប្រព័ន្ធយកទៅលក់នោះ នៅថ្ងៃនេះ លោកឧត្តមសេនីយ៍ ក៏បានអញ្ជើញប្រជាពលរដ្ឋចំណាកស្រុកមួយចំនួន គ្រួសារកងទ័ព និងកងទ័ពប្រភេទ២ ដែលមានការពាក់ព័ន្ធ ឲ្យមកបង្ហាញពីការពិត ដើម្បីលោកឧត្តមសេនីយ៍ នឹងរកវិធានការដោះស្រាយជូន ឲ្យបានសមស្រប»។

លោកឧត្តមសេនីយ៍ មេបញ្ជាការ បានថ្លែងបញ្ជាក់ថា ដីគោលរបបដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានផ្តល់ជូនកន្លងមកនេះ គឺមានចំនួន ១៦៤ហិកតា ក្នុងនោះ ៩៩.៥ហិកតា កងទ័ពបានប្រើប្រាស់រួចហើយ តាមរយៈការសាងសង់សំណង់មូលដ្ឋាននានា ដូចជា ការសាងសង់អគារទីបញ្ជាការយោធាខេត្ត ,អគារទីបញ្ជាការវរៈ ,អគារសម្តេចតេជោ ៥ខ្នង ,ផ្ទះគំរូសម្តេចតេជោ ២០ខ្នង និងការបែងចែកដីឡូតិ៍មួយចំនួនទៀត ជូនដល់កងទ័ពប្រភេទ២ និងគ្រួសាររួចហើយដែរ។

លោកឧត្តមសេនីយ៍ មេបញ្ជាការ បានបញ្ជាក់ទៀតថា ផ្ទៃដីដែលនៅសល់លើទំហំ ៦៤.៥ហិកតាទៀត គឺនៅជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនសម្បទានដីមួយ ដែលមានច្បាប់ត្រឹមត្រូវ ដែលប្រជាពលរដ្ឋចំណាកស្រុកជាច្រើនគ្រួសារ កងទ័ពប្រភេទ២ និងគ្រួសារ  បានដាក់ពាក្យប្តឹងឲ្យជួយរកដំណោះជូនពួកគាត់។ ចំពោះ «ប្រជាពលរដ្ឋ កងទ័ព និងគ្រួសារចំនួន ៣៤នាក់ បានផ្តិតមេដៃដាក់ពាក្យប្តឹងមនុស្សនៅក្នុងក្រុមហ៊ុននោះ តែទូរទស្សន៍អនឡាញមួយនោះ បែរជាចុះផ្សាយថា ខាងប្រជាពលរដ្ឋ គ្រួសារកងទ័ព និងកងទ័ព ដាក់ពាក្យប្តឹងមន្ត្រីយោធា នៅក្នុងអង្គភាពវរៈសេនាតូចលេខ២ ទៅវិញ មិនតែប៉ុណ្ណោះ ថែមទាំងចុះផ្សាយចោទប្រកាន់ ថាមន្ត្រីយោធាដែលមានស័ក្កិយសធំៗ ឃុបឃិតគ្នាជាប្រព័ន្ធ យកដីគោលរបបដែលបានបែងចែកជូនគ្រួសារកងទ័ព និងកងទ័ព យកទៅលក់ដូរទៅវិញ ដែលនេះជាហេតុ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ ថ្នាក់ដឹកនាំអង្គភាព ក៏ដូចជា ធ្វើឲ្យមានការយល់ច្រឡំពីមហាជនទូទៅ ថែមទៀតផង»។

លោកឧត្តមសេនីយ៍មេបញ្ជាការ បានបញ្ជាក់ទៀតថា «ក្រោមការដឹកនាំរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងទ័ពជើងគោក និងយោធភូមិភាគទី៤ ពិសេស កងទ័ពទាំងអស់ ដែលស្ថិតនៅក្រោមការគ្រប់គ្រង និងដឹកនាំរបស់លោកឧត្តមសេនីយ៍ គឺលោកមិនអនុញ្ញាតឲ្យកងទ័ពណាម្នាក់ ធ្វើអំពើផ្តេសផ្តាស់ផ្ទុយពីច្បាប់ និងបទបញ្ជាកផ្ទៃក្នុងរបស់កងទ័ពជាដាច់ខាត»។ ចំពោះដីធ្លីដែលប្រជាពលរដ្ឋ កងទ័ព និងគ្រួសារចំនួន ៣៤នាក់ ដែលមានការពាក់ព័ន្ធជាមួយក្រុមហ៊ុនសម្បទានដីនោះ គឺលោកឧត្តមសេនីយ៍ នឹងធានាដោះស្រាយជូន ក្នុងពេលវេលាសមស្របណាមួយ ដើម្បីជួបជាមួយប្រធានក្រុមហ៊ុន ក្នុងពេលឆាប់ៗខាងមុខនេះ។ ហើយលោកឧត្តមសេនីយ៍ បានស្នើឲ្យប្រជាពលរដ្ឋ កងទ័ព និងគ្រួសារ ដែលកំពុងមានការពាក់ព័ន្ធទាំងអស់ ត្រូវរក្សាភាពស្ងប់ស្ងាត់ ដោយរង់ចាំទទួលលទ្ធផល ក្រោយការដោះស្រាយរួច ។

ប្រធានភូមិនៅតំបន់ព្រំដែននោះ បានសម្តែងការគាំទ្រ ចំពោះការរកដំណោះស្រាយរបស់ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា និងលោក ក៏បានប្រកាសច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយរបស់ស្ថាប័នទូរទស្សន៍អនឡាញមួយ តាមបណ្តាយសង្គម ដែលបានចុះផ្សាយបែបលក្ខណៈញុះញង់ បំបែកបំបាក់ផ្ទៃក្នុងកងទ័ព និងការបំផ្លាញកិត្តិយសថ្នាក់ដឹកនាំកងទ័ព ។

កងទ័ពប្រភេទ២ និងគ្រួសារ ក៏ដូចពលរដ្ឋចំណាកស្រុក បានបដិសេធមិនទទួលយក គ្រប់ការចុះផ្សាយរបស់ទូរទស្សន៍អនឡាញ តាមបណ្តាញសង្គមហ្វេសប៊ុក ថាការចុះផ្សាយ ចោទប្រកាន់ថ្នាក់ដឹកនាំយោធាខាងលើនោះ គឺជារឿងមិនពិតនោះទេ ។

មេបញ្ជាការតំបន់ប្រតិបត្តិការសិករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានស្បថថា «ប្រសិនបើលោក បានប៉ះពាល់ដីបងប្អូនក្នុង ១៦៤ហិចតានោះ កុំថាឡើយ ១ម៉ែត្រ សូម្បី ១តឹក សូមឲ្យលោកស្លាប់ចោលកូនចុះ» និងលោកបានអំពាវនាវដល់ទូរទស្សន៍អនឡាញ ដែលបានចុះផ្សាយបំផ្លើសការពិតកន្លងមក ដោយគ្មានមូលដ្ឋានច្បាស់លាស់ ត្រូវធ្វើការចុះផ្សាយកែតម្រូវឡើងវិញ តែប្រសិនបើមិនចុះផ្សាយកែតម្រូវឲ្យបានត្រឹមត្រូវនោះទេ នោះលោកនឹងប្តឹងទូរទស្សន៍អនឡាញមួយនេះ ទៅតាមផ្លូវច្បាប់ជាធរមាន ៕ ដោយ៖ឡុង សំបូរ