ផ្ទះ១ខ្នងជាអំណោយសម្ដេចតេជោហ៊ុន សែនផ្ដល់ជូនគ្រួសារចាស់ជរានៅភូមិវាំងមួង ឃុំកូប ស្រុកអូរជ្រៅ

បន្ទាយមានជ័យ៖អំណោយផ្ទះឈើ១ខ្នង៥ម៉ែត្រគុណនិង៧ម៉ែត្រ ក្រាលក្ដាប្រក់ស័ង្កសី ជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយរដ្ឋមន្ត្រី និងត្រូវសាងសង់ជួនគ្រួសារ លោក អោក ចេន អាយុ ៨៦ ឆ្នាំ រស់នៅភូមិវាំងមួង ឃុំកូប ស្រុកអូរជ្រៅ ដែលរងគ្រោះដោយអគ្គីភ័យកាលពីថ្ងៃទី១ វិច្ឆិកាកន្លងមក។

អញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយគ្រឿងឧបភោគ សម្ភារៈ និងថវិកាមួយចំនួន ឧបត្ថម្ភបន្ទាន់ ជូនគ្រួសារ លោកតា អោក ចេន អាយុ ៨៦ ឆ្នាំ រស់នៅទីតាំងខាងលើ ក្រោមវត្តមាន ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកជំទាវ នួម សោភ័ណ អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ លោក លី សុវណ្ណារិទ្ធិ អភិបាលរងខេត្ត លោក យឹម សំណាង អភិបាលស្រុកអូរជ្រៅ លោក ខាត់ សារ៉ាន សមាជិក្រុមប្រឹក្សាស្រុកអូរជ្រៅ រដ្ឋបាលឃុំ ភូមិចូលរួម។

សមត្តកិច្ចប្រាប់ថ្ងៃទី៤ វិច្ឆិកា ២០២១ថា៖ ផ្ទះឈើប្រក់ស័ង្កសីរបស់លោកតាជរា អោក ចេន អាយុ ៨៦ ឆ្នាំ និងសមាជិកគ្រួសារ៦នាក់ ទៀត ត្រូវភ្លើងឆេះផ្ទះដោយហេតុទុស្សេខ្សែភ្លើងកាលពីម៉ោង ៩កន្លះថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០២១ ។ដោយផ្ទះមានសភាពចាស់ទ្រុឌទ្រោមផង ភ្លើងបានឆាបឆេះលឿនធ្វើអោយខូចខាតទាំងស្រុង ទោះបីជាមានការជួយអត្តរាគមន៍ពីអ្នកជិតខាង និងសមត្តកិច្ចចម្រុះក៍នៅតែមិនទាន់ពេល។

ឯកឧត្ដ អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា៖សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយរដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋ ពិសេសគ្រួសាររងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ ទើបអោយក្រុមការងារខេត្តនិងក្រុមការងារចុះជួយស្រុក អាជ្ញាធរស្រុក កងកម្លាំង ជួយចាត់ចែងរៀបចំផ្ទះជូនលោកតាឡើងវិញដែលសង់ពីឈើប្រក់ដំបូល និងជញ្ជាំងស័ង្កសីទំហំ៥ម គុណ៧ម និងប្រគល់ជូននាឆាប់ៗខាងមុខនេះ៕ដោយ៖ឃិន គន្ធា