សមត្ថកិច្ចខេត្តស្ទឹងត្រែង កំពុងតាមប្រមាញ់ចាប់ខ្លួនអ្នកទោសគ្រឿងញៀន និងអ្នកទោសចោរកម្ម ៧នាក់ ដែលបានហែកគុករត់ចេញដោយសុវត្ថិភាព កាលពីវេលាម៉ោងជាង ៣ទៀបភ្លឺថ្ងៃនេះ

0

ខេត្តស្ទឹងត្រែង៖ កម្លាំងអនុរក្សពន្ធនាគារខេត្តស្ទឹងត្រែង បានបំផ្ទុះអាវុធ ៤គ្រាប់ ធ្វើឲ្យកក្រើកស្បៃរាត្រី ខណៈដែលអ្នកទោសគ្រឿងញៀន និងអ្នកទោសក្នុងអំពើចោរកម្ម ៧នាក់ បានលួចវាយទម្លាយរបងថ្មគុក រត់ចាកចេញដោយសុវត្ថិភាព កាលពីម៉ោង ៣ និង២០នាទីទៀបភ្លឺ ថ្ងៃទី៨វិច្ឆិកាឆ្នាំ២០២១។ គុកដែលអ្នកទោសទាំង ៧នាក់ លួចរត់ចេញនោះ មានមូលដ្ឋាននៅក្នុង ភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

មន្ត្រីពន្ធនាគារខេត្តស្ទឹងត្រែង បានបង្ហើបឲ្យដឹងថា ពិតជាមានអ្នកទោស ៧នាក់ ដែលបានលួចវាយទម្លុះរបងថ្មគុក រត់ចាកចេញទាំងយប់នោះមែន ខណៈដែលក្រុមមន្ត្រីកំពុងដើរល្បាត ហើយបានប្រទះឃើញពីសកម្មភាពនោះ និងនៅក្នុងគ្រានោះ សមត្ថកិច្ចពន្ធនាគារ បានបាញ់ឡើងលើ ៤គ្រាប់ ដើម្បីរារាំង និងបញ្ឈប់សកម្មភាពអ្នកទោស នៅក្នុងការវាយទម្លុះរបងថ្ម និងការរត់ចេញនោះទៀត ។

មន្ត្រីដដែលបានបង្ហើបឲ្យដឹងទៀតថា អ្នកទោសទាំង ៧នាក់ ដែលបានលួចរត់ចេញពីពន្ធនាគារ នាគ្រានោះ ភាគច្រើនគឺជាជនជាតិឡាវ ក្នុងនោះ ៦នាក់ ជាអ្នកទោសគ្រឿងញៀន និងម្នាក់ទៀត ជាអ្នកទោស ក្នុងអំពើចោរកម្មមានស្ថានទម្ងន់ទោស ។ ហើយបើយោងតាមការពិនិត្យទីតាំងជាក់ស្តែង មន្ត្រីនគរបាលពន្ធនាគារបានរកឃើញថា ក្រុមអ្នកទោសទាំងនោះ បានប្រើប្រាស់ឧបករណ៍ធ្វើសិប្បកម្ម រួមទាំងប្រើប្រាស់វត្ថុរឹង សម្រាប់បុកទម្លាយរបងថ្ម ឧបករណ៍ទាំងនោះ រួមមាន ៖ ប្រដាប់ខួង ដែក ត្រសេះ កំណាត់ឈើ ខ្នើយ និងភួយ យកមកប្រើប្រាស់សម្រាប់ខ្ទប់ និងវាយមិនឲ្យលឺសម្លេងខ្ទរដល់សមត្ថកិច្ច ។

ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង​ លោក ឈុន តារា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ក្នុងចំណោមអ្នកទោសទាំង ៧នាក់ មានអ្នកទោស ១នាក់ ត្រូវបានតុលាការខេត្ត កាត់ទោសឲ្យជាប់គុកអស់មួយជីវិត ក្នុងករណីបទឧក្រិដ្ឋ ជួញដូរគ្រឿងញៀនឆ្លងដែនពីប្រទេសជិតខាង ចូលមកប្រទេសកម្ពុជា ដែលអ្នកទោសរូបនោះ ត្រូវបានសមត្ថកិច្ចខេត្ត ចុះបង្ក្រាប និងចាប់ខ្លួនបាន កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ កន្លងទៅ។

ខណៈនេះ កម្លាំងសមត្ថកិច្ចចម្រុះខេត្ត និងមូលដ្ឋាន បានសហការរួមគ្នា កំពុងបន្តចុះបើកការស្រាវជ្រាវ ដោយកំណត់បានទីតាំង និងកំពុងឡោមព័ទ្ធ តំបន់ភ្នំប្រាសាទ ដែលគេសង្ស័យ ជាកន្លែងក្រុមអ្នកទោសទាំងនោះលាក់ខ្លួន ស្ថិតក្នុងភូមិអូររ៉ៃ ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់។ រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹង ពីចំណាត់ការរបស់សមត្ថកិច្ច ទៅលើក្រុមអ្នកទោសទាំងនោះ នៅឡើយទេ ៕ ដោយ៖ ឡុង សំបូរ