សម្តេចក្រឡាហោម ស ខេង បានអញ្ជើញចូលរួមដង្ហែព្រះរាជដំណើរ ព្រះមហាក្សត្រខ្មែរ យាងចូលរួមមហាសន្និបាតលើកទី៤១ របស់អង្គការយូណេស្កូ នៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង

0

រាជធានីភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង  បានអញ្ជើញចូលរួមដង្ហែព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងចូលរួមក្នុងមហាសន្និបាតលើកទី៤១របស់អង្គការយូណេស្កូ ក្នុងឱកាសខួបលើកទី៧៥ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង នាព្រឹកថ្ងៃពុធទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ។

នាឱកាសដង្ហែព្រះរាជដំណើរ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងទៅកាន់សាធារណរដ្ឋបារាំង នាពេលព្រឹកនេះក៏មានការអញ្ជើញចូលរួមពីសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាជាតិ, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំង មន្ដ្រីជាន់ខ្ពស់របស់ រាជរដ្ឋាភិបាល ជាច្រើនរូបទៀត ផងដែរ។

ក្នុងព្រះរាជដំណើរយាងបំពេញ ព្រះរាជបេសកកម្មរបស់ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាពេលនេះ គឺស្តេចយាងតបតាមការយាងរបស់លោកជំទាវ អូដ្រេយ អាហ្សូឡេយ(Audrey Azoulay)អគ្គនាយិកា នៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) ដោយកម្មវិធីនេះនឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

គួរបញ្ជាក់ថា អង្គការយូណេស្កូ (United Nations Educational, Scientific and Cultural Organization) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៥ ហើយបានចូលរួមចំណែកយ៉ាងសំខាន់ ដល់ការលើកតម្កើងវិស័យអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងការប្រាស្រ័យទាក់ទងគ្នា នៅក្នុងពិភពលោក ៕