(កំពត)៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករ កម្មការិនី នៅរោងចក្រចំនួន២ក្នុងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត គឺរោងចក្រ ឃីមីហ្គាមេន ដែលមានកម្មករ និយោជិតចំនួន ២.២៥៤នាក់ ស្រី១.៨៨៦នាក់ ក្នុងនោះអ្នកមានផ្ទៃពោះ៦៤នាក់ និងរោងចក្រជី អាយ អេ ដែលមានកម្មករសរុបចំនួន៤១៨នាក់ ស្រីចំនួន ៣២៧នាក់ ក្នុងនោះអ្នកមានផ្ទៃពោះ១០នាក់។
អញ្ជើញចូលរួមអមដំណើរក្នុងពិធីនេះរួមមានឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងទាំងបីប្រភេទ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលនៃគណៈអភិបាលក្រុងកំពត លោកចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត និងសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពត។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្តេចទាំងទ្វេតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូន កូនក្មួយកម្មករ កម្មការិនី ពិសេសក្នុងកាលៈទេសៈដែលពិភពលោក ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាយើងកំពុងតែយាយីដោយជំងឺកូវីដ-១៩ ដោយសម្តេចបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជាពិសេសបងប្អូន កូនក្មួយកម្មករ កម្មការិនីយើងក៏សម្តេចបានគិតគូររៀបចំចាក់វ៉ាក់សាំងជូនគ្រប់ៗគ្នាផងដែរ។
ឯកឧត្តអភិបាលខេត្ត បានបញ្ជាក់ទៀតថា ដោយប្រទេសយើងមានសុខសន្តិភាពពេញបរិបូរណ៍ ទើបមានក្រុមហ៊ុនផ្សេងៗមកពីបរទេសធ្វើការវិនិយោគ រកស៊ីបង្កើតជារោងចក្រ សហគ្រាស នៅក្នុងប្រទេសកម្ពុជាយើងយ៉ាងច្រើនស្អេកស្កះ ដែលបាននាំមកនូវការងារជាច្រើនកន្លែងសម្រាប់ប្រជាពលរដ្ឋយើងធ្វើ ដោយបានរួមចំណែកកាត់បន្ថយនូវអត្រានៃភាពក្រីក្របានមួយចំណែកធំ។ដូច្នេះដើម្បីឱ្យការងារកាន់តែមានភាពប្រសើរឡើង ឯកឧត្តម អភិបាលខេត្តកំពត សូមឱ្យកូន ក្មួយ ជាកម្មករ កម្មការិនី និងម្ចាស់រោងចក្រ សហគ្រាស ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ការងារ នៃព្រះរាជាចក្រកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តម បានចែកសម្ភារៈ និងថវិកាមួយចំនួនដល់ក្មួយៗកម្មការិនីដែលមានផ្ទៃពោះចំនួន៧៤នាក់ ដោយម្នាក់ៗទទួលបានសារ៉ុងចំនួន០៣ និងថវិកា១០ម៉ឺនរៀល។
សូមជម្រាបថា រោងចក្រឃីមីហ្គាមេន មានផ្ទៃដីសរុបចំនួន ១៦.០០០ម៉ែត្រការ៉េ អគារផលិតកម្មមានចំនួន០៤អគារ សកម្មភាពផលិត លីអូរ មានទីតាំងស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ សកម្មភាពនាំចេញទៅប្រទេសអូស្ត្រាលី បារាំង អេស្ប៉ាញ និងចក្រភពអង់គ្លេស។ចំពោះរោងចក្រ ជី អាយ អេ មានផ្ទៃដីសរុប៤.៧០០ម៉ែត្រការ៉េ អគារផលិតកម្មមានចំនួន០២អគារ សកម្មភាពផលិត ផុងអាវយឺត មានទីតាំងស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ សកម្មភាពនាំចេញទៅរាជធានីភ្នំពេញ៕ សេង ណារិទ្ធ