អភិបាលខេត្តកំពង់ធំ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត

0

(ខេត្តកំពង់ធំ) : ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ ដើម្បីពិនិត្យលទ្ធផលការងារក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បញ្ហាប្រឈម សំណូមពរផ្សេងៗ និងលើកទិសដៅអនុវត្តបន្ត នៅរសៀលថ្ងៃទី១០ ខែវិចិ្ឆកា ឆ្នាំ២០២១ នៅប្រជុំសាលាខេត្តកំពង់ធំ។
ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរ អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ ប្រធាន អនុប្រធានក្រុមការងារចុះបញ្ជីដីធ្លី , មន្ត្រីផ្នែក GIS, មន្ត្រីកំណត់ព្រំ, មន្ត្រីវាស់វែង, មន្ត្រីវិនិច្ឆ័យ និងមន្ត្រីភូមិរដ្ឋបាលមួយចំនួន។
លោក អ៊ឹម សុឌីណា លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ បានឡើងរាយការណ៍ជូនអំពីវឌ្ឍនភាពនៃមន្ទីរដែលសម្រេចបាននាពេលកន្លងក្នុងការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ.ការងារចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ និង ចុះបញ្ជីបន្ត.ការងារចុះបញ្ជីដីសហគមន៏.ការងារសម្បទានដីសេដ្ឋកិច្ច.ការងារសម្បទានដីសង្គមកិច្ច.ការដោះស្រាយទំនាស់ដីធ្លី ការងារសំណង់ និងការងាររៀបចំដែនដី ព្រមទាំងលើកទិសដៅផែនការដែលត្រូវអនុវត្តបន្តបន្ទាប់។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈបានថ្លែងនូវការអរគុណចំពោះការខិតខំប្រឹងប្រែងដឹកនាំបំពេញការងាររបស់លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងមន្ត្រីរាជការទាំងអស់ ដែលមិនត្រឹមតែបានខិតខំអនុវត្តការងារស្នូលបម្រើសេវាក្នុងវិស័យដីធ្លីបានល្អប្រសើរជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ហើយការអនុវត្តច្បាប់ក៏មានលក្ខណៈល្អប្រសើរដែរ ប៉ុន្តែអ្វីដែលពាក់ព័ន្ធទៅនឹងកំហុសឆ្គង និងការប្រព្រឹត្តជាក់ស្តែងនោះ គឺជាលក្ខណៈបុគ្គល។
ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់ក្រុមការងារទាំងអស់ សូមខិតខំធ្វើការងារដោយបង្កើនចំណងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ប្រើប្រាស់មន្ត្រីឲ្យត្រូវជំនាញ និងត្រូវគោរពវិន័យការងារ តួនាទី ភារកិច្ច លក្ខខណ្ឌការងារដែលបានបែងចែក ប្រកបដោយការទទួលខុសត្រូវខ្ពស់ នៅគ្រប់ការិយាល័យភូមិបាលស្រុកទាំងអស់ ត្រូវខិតខំរួមគ្នាបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យមានតម្លាភាព ប្រសិទ្ធភាព និងមានភាពជឿជាក់។
ចុងក្រោយឯកឧត្តម ងួន រតនៈ បានសំណូមពរដល់លោកប្រធានមន្ទីរ មន្ត្រីរាជការទាំងអស់ត្រូវយកចិត្តទុកដាក់ការគ្រប់គ្រងដីធ្លី ពាក់ព័ន្ធទៅនឹងការងារចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋការងាដោះស្រាយ ទំនាស់ដីធ្លី គម្រោងសម្បទានសេដ្ឋកិច្ច សម្បទានដីសង្គមកិច្ច និងជំរុញការរៀបចំប្លង់គោល ប្រើប្រាស់ដីក្នុងក្រុងស្ទឹងសែន ។ជាពិសេសទប់ស្កាត់នូវរាល់សំណង់ដែលគ្មានលិខិតអនុញ្ញាត និងសំណង់ធ្វើឡើងខុសលិខិតអនុញ្ញាត ក្នុងន័យរឹតបន្តឹង ការគោរពលិខិតបទដ្ឋានគតិយុត្ត ក៏ដូចធានាឲ្យបាននូវសុខសុវត្ថិភាព និងគុណភាពជូនប្រជាពលរដ្ឋ ស្របទៅតាមគោលបំណង និងការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា»៕