វេទិកា នារីរតនៈ ស្តីពីយុវជនរួមគ្នាកាត់បន្ថយអំពើហិង្សា ផ្សព្វផ្សាយ ដល់សិស្សានុសិស្ស នៅខេត្តបន្ទាយមានជ័យ

0

(បន្ទាយមានជ័យ)៖ វេទិកា នារីរតនៈ ស្តីពី យុវជនរួមគ្នាកាត់បន្ថយអំពើហិង្សា បានត្រូវរៀបចំឡើង ដើម្បីផ្សព្វផ្សាយ ដល់សិស្សានុសិស្ស នៅខេត្តបន្ទាយមានជ័យ ក្រោមរៀបចំឡើងដោយ នាយដ្ឋានព័ត៌មាន ក្រសួងកិច្ចនារី ។
ពិធី នេះធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ ម៉ាន ចិន្តា រដ្ឋលេខាធិការ ក្រសួង កិច្ចកានារី មានការចូលរួមពីលោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត លោកស្រី ម៉េង គឹមហួយ ប្រធានមន្ទីរកិច្ចការនារី លោក ចាប សុខម៉េង អនុប្រធានមន្ទីរ អប់រំ អ្នកពាក់ព័ន្ធ សិស្សានុសិស្ស បានចូលរួមធ្វើឡើងនៅ សាលាបឋមសិក្សា ហ៊ុន សែន សូភី ស្ថិតនៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២១។
លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យថ្លែងអំណរគុណ ដល់ក្រសួងកិច្ចការនារី បានអនុវត្ត និងសហការជាមួយក្រសួង ស្ថាប័នពាក់ពន្ធ័ អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិកន្លងមកប្រកបដោយលទ្ធផលផ្លែផ្កា “ និងជាបន្តបន្ទាប់ទៅទៀត ក្នុងគោលដៅលើកស្ទួយស្ត្រី លើគ្រប់ផ្នែកគ្រប់វិស័យ ដើម្បីនាំមកនូវសុខសន្តិភាពភាពរុងរឿង និងសុខដុមរមនាក្នុងសង្គម ដែលមានសីលធម៌ខ្ពស់ព្រម ទាំងខិតខំជម្រុញលុបបំបាត់ឲ្យអស់នូវ ការរើសអើងគ្រប់សកម្មភាពសង្គមចំពោះស្ត្រី ពិសេសចូលរួមលុបបំបាត់អំពើហិង្សា ដើម្បីឲ្យស្ត្រី និងបុរសមានលទ្ធភាព សហការគ្រប់សកម្មភាពក្នុងសង្គម។ ហើយវេទិកានេះបានផ្សព្វផ្សាយបន្តដើម្បីក្លាយក្មួយៗសិស្សានុសិស្សក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ យុវវ័យល្អចេះស្តាប់តំបូន្មានឪពុកម្តាយ លោកគ្រូ អ្នកគ្រូ និងចាស់ព្រឹទ្ធាចារ្យ។
លោកជំទាវ ម៉ាន ចិន្តា រដ្ឋលេខាធិការ ក្រសួង កិច្ចកានារី បានលើកឡើងថា ៖ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការលប់បំបាត់ចោលនូវអំពើហឹង្សាទាក់ទងនឹងយេនឌ័ ថាជា គោលដៅអភិវឌ្ឍស្នូលមួយ ក្នុងគោលដៅអភិវឌ្ឍសហសវត្សរបស់ប្រទេសកម្ពុជា ត្រង់ចំណុចគោលដៅទី៣ “ ការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់សិទ្ធអំណាចដល់ស្រី “។
លោកជំទាវ មានប្រសាសន៍បន្តថា៖ អំពើហិង្សាលើស្រ្តី និងកុមារីគឺជាការរំលោភ បំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធមនុស្ស ដែលដាក់កំហិតលើសិទ្ធិសេរីភាពរបស់ស្ត្រី និងកុមារី រួមទាំង សន្តិសុខរបស់ពួកគេទាំងនៅក្នុង និងនៅខាងក្រៅផ្ទះ។ អំពើហិង្សាលើស្រី ក៏ជាឧបសគ្គដ៏ធ្ងន់ធ្ងរមួយ សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពនៅប្រទេសកម្ពុជាផងដែរ។ ក្រសួងកិច្ចការនារីក្នុងនាមជាស្ថាប័នរាជរដ្ឋាភិបាលកម្ពុជាដ៏សំខាន់មួយ និងជាយន្តការជាតិ ដើម្បីលើកកម្ពស់ការគោរពការពារ និងបំពេញបន្ថែមទៅលើសិទ្ធិរបស់ស្រី បាននឹងកំពុងដើរ តួនាទីជាអ្នកដឹកនាំ និងសម្របសម្រួលដំណើរការទប់ស្កាត់ និងឆ្លើយតបទៅនឹងអំពើហិង្សាលើស្រី។ ដើម្បីពង្រឹងបន្ថែមលើកិច្ចខិតខំប្រឹងប្រែងទាំងនេះ ក្រសួងកិច្ចការនារីបានបង្កើតផែនការសកម្មភាពជាតិស្តីពីការ ទប់ស្កាត់អំពើហិង្សាលើស្រី្តលើកទី៣ សម្រាប់ឆ្នាំ ២០១៩–២០២៣។
សូមបញ្ជាក់ថា ៖ វេទិកា “នារីរតនៈ ” ស្តីពី យុវជនរួមគ្នាកាត់បន្ថយអំពើហិង្សា នេះ មានគោលបំណងដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋជាពិសេសយុវវ័យឲ្យបានយល់ ដឹងពីឫសគល់ និងផលប៉ះពាល់នអំពើហិង្សាក្នុងគ្រួសារ ការសេពគ្រឿងស្រវឹង និងលើកទឹកចិត្តដល់យុវវ័យ ក្នុងការចូលរួមទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ មិនតែប៉ុណ្ណោះវេទិកា នេះនឹងជួយបង្កើនចំណេះដឹងដល់យុវវ័យឲ្យចេះគ្រប់គ្រងអារម្មណ៍ពិបាកៗដើម្បីឈានទៅរកសុភមង្គលក្នុងគ្រួសារ។ វេទិកា ខាងលើត្រូវបានជ្រើសរើសសាលាគោលគោដៅសំខាន់៣ មាន ៖ វិទ្យាល័យ សម្តេចឪ ក្រុងសិរីសោភ័ណ , វិទ្យាល័យ ស្វាយ ចេក ស្រុកស្វាយចេក និងវិទ្យាល័យ រហាល នៅស្រុកព្រះនេត្រព្រះ ដែលមានរយៈពេល៣ថ្ងៃ (ថ្ងៃទី១០-១២ ខែ វិច្ឆិកា )៕ ដោយ៖ឃិន គន្ធា