កំពង់ធំ៖ លោកវរសេនីយ៍ត្រី អ៊ិន ប៉ូ ដឹកនាំកម្លាំងយោធិនផ្នែកសឹករងប្រាសាទសំបូរ ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចុះជួយច្រូតកាត់ ក្នុងពេលរដូវប្រមូលផលស្រូវ ជូនប្រជាពលរដ្ឋ ដែលមាន ជីវភាពលំបាកខ្វះខាត នៅព្រឹកថ្ងៃទី១៣ ខែវិច្ចិកា ឆ្នាំ ២០២១។
លោកវរសេនីយ៍ត្រី អ៊ិន ប៉ូ មេបញ្ជាការផ្នែកសឹករងស្រុកប្រាសាទសំបូរ បានឲ្យដឹងថា ក្រោមការចង្អុលបង្ហាញ ពីឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តែងតែណែនាំឲ្យកងកម្លាំងគ្រប់ ផ្នែកសឹករង ស្រុក ក្រុង ត្រូវចាត់ទុកបងប្អូនប្រជាពលរដ្ឋ ជាឳពុកម្តាយ ផ្សាភ្ជាប់សុខទុក្ខជាមួយប្រជាពលរដ្ឋ និងបម្រើដោយស្មោះដោយឥតលក្ខក្ខ័ណ្ទ ដឹងពីសុខទុក្ខនិងចេះជួយយកអាសារ នៅពេលដែលជួបការលំបាក។
លោកវរសេនីយ៍ត្រី អ៊ិន ប៉ូ បានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់លោកមេបញ្ជាការ គឺបានដឹកនាំកម្លាំងយោធិន ផ្នែកសឹករងប្រាសាទសំបូរជាង១០នាក់ ជួយច្រូតកាត់ផលស្រូវ ប្រជាពលរដ្ឋក្រីក្រខ្វះកម្លាំង ពលកម្មលោកយាយ ឈ្មោះ ហ៊ុន លីម អាយុ៦៨ឆ្នាំ រស់នៅភូមិទួលពង្រ ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដើម្បីទុកដាក់ឲ្យបានទាន់ពេលវេលា។
ក្រុមគ្រួសារលោកយាយ ឈ្មោះ ហ៊ុន លីម បានសម្តែងនូវសេចក្តីរីករាយ ជាពន់ពេកដែលបានកម្លាំងរបស់កងទ័ព នៃផ្នែកសឹករងស្រុកប្រាសាទសំបូរ ដែលបានមកជួយច្រូតកាត់ប្រមូលផលស្រូវ ជូនក្រុមគ្រួសាររបស់លោកយាយ ដោយសារតែលោកយាយ មានជីវភាពខ្វះខាត ពុំមានលទ្ធភាពជួលគ្រឿងចក្រច្រូរសូវនោះឡើយ និងសូមជូនពរសុខភាពល្អ សម្រេចជោគជ័យគ្រប់ភាពភារកិច្ច ។
ដោយ ខេមរា




































