ខេត្តបន្ទាយមានជ័យ ៖ បុរសវ័យចំណាស់ម្នាក់ព្រោះតែជីវភាពដើរជីកទំពាំងតាមបន្ទាត់ព្រំដែនកម្ពុជា ថៃអកុសលជាន់មីនផ្ទុះសា្លប់នឹងកន្លែង។ ហេតុការណ៍ដ៏អាណោចអាធ័មនេះកើតឡើងកាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៤ នៅចំណុចចន្លោះបង្គោលសីមា២៨-២៧ក្នុងភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះក្នុងហេតុការនេះមានឈ្មោះ ឡូយ កើយ អាយុ៦៧ឆ្នាំ មានប្រពន្ធពិការស្វិតដៃជើង និងមានកូនប្រុសស្រី៥នាក់ ក្នុងបន្ទុករស់នៅភូមិតាឡី ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ។ បើតាមប្រភព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបន្ទាយឆ្មារ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះនិងកូនស្រី បានដើរទៅរកជីកទំពាំងយកទៅលក់ ដោយកូនស្រី និងជនរងគ្រោះនៅចម្ងាយពីគ្នាប្រហែល១០ទៅ២០ម៉ែត្រលុះ ជីកទំពាំង បានមួយសន្ទុះក្រោយមក ស្រាប់តែបុរសរងគ្រោះដើរទៅជាន់មីនកប់ក្នុងដីនៅ ចំណុចខាង លើបណ្តាលឱ្យផ្ទុះឡើងត្រូវដាច់ជើងខាងស្តាំ និងអំបែងជះត្រូវពេញដងខ្លួនធ្វើឱ្យ ស្លាប់មួយរំពេចនៅកន្លែងកើតភ្លាមៗនោះសមត្ថ កិច្ចចុះទៅពិនិត្យដល់កន្លែងកើតហេតុ ។
មីនដែលផ្ទុះបណ្តាលអោយជនរងគ្រោះស្លាប់ជាប្រភេទមីនK58 ផលិតនៅ អតីតសហភាពសូវៀត កប់បន្សល់ទុកពីសម័យសង្គ្រាម ហើយចំនុចផ្ទុះ នៅតំបន់ដែលជនរងគ្រោះជាន់មីនផ្ទុះស្លាប់នោះ ក៏មានដាក់ស្លាកសញ្ញាហាមឃាត់ជាតំបន់គ្រោះថ្នាក់ដោយគ្រាប់មីនផងដែរ ។ សពជនរងគ្រោះបន្ទាប់មកត្រូវបានសមត្ថកិច្ចទំនាក់ទំនងសាច់ញាតិមកទទួលដឹកយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ដើម្បីចូលរួមជាមួយគ្រួសារសពនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ លោក អាត់ ខែម ស្នងការនគរបាលខេត្ត ចាត់តំណាងឲ្យយកថវិកា និងអំណោយមួយចំនួន ប្រគល់ជូនក្រុមគ្រួសារសព។