ខេត្តប៉ៃលិន ថ្ងៃដំបូងនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ប្រព្រឹត្តិទៅដោយរលូន និងមានភាពល្អប្រសើរ ដោយបេក្ខជនចូលរួមអនុវត្តទៅតាមការណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា

0

(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ជាថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ តាមការកំណត់របស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់សិស្សានុសិស្សថ្នាក់ទី៩ ប្រឡងឡើងថ្នាក់ទី១០។ បើតាមការរៀបរាប់ពីលោក ខាំ យ៉ារិន ប្រធានមណ្ឌលប្រឡងវិទ្យាល័យហ៊ុនសែនក្រុងទេពនិម្មិត បានឱ្យដឹងថា ៖ បេក្ខជនប្រឡងទាំងអស់ មិនអនុញ្ញាតឱ្យយកសំណៅឯកសារ ឬទូរស័ព្ទដៃ ចូលទៅក្នុងបន្ទប់ប្រឡងនោះឡើយ ហើយការប្រឡងនេះ គឺដូចគ្នានឹងការប្រឡងពេលមុនៗដែរ តែបន្ថែមនូវការវាស់ស្ទង់កំដៅ លាងដៃនឹងអាល់កុល រក្សាគម្លាតសុ វត្ថិភាព ។ លោកបន្តទៀតថា៖ ការប្រឡងនេះ មានចំនួន១០មុខវិជ្ជា ដោយបេក្ខជនម្នាក់ៗ ត្រូវចូលរួមប្រឡងចាប់ពីវេលាម៉ោង៧ និង៣០នាទីព្រឹក ហើយពេលរសៀលចាប់ពីម៉ោង២ និង០០នាទីរសៀល តែបេក្ខជន ត្រូវមកឱ្យបានមុនម៉ោងប្រឡង ដើម្បីត្រៀមខ្លួនឱ្យរួចជាស្រេចក្នុងការប្រឡង។
លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានមានប្រសាសន៍ឲ្យដឹងថា៖ សម្រាប់ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ គ្រប់មណ្ឌលប្រឡង ដំណើរការធម្មតា ពុំមានបញ្ហាអ្វី គួរឲ្យកត់សម្គាល់ទេ។ តាមមណ្ឌលប្រឡងនីមួយៗ បានអនុវត្តតាមការណែនាំបានល្អប្រសើរ ហើយគ្រប់ច្រកចូលក្នុងមណ្ឌល មានឧបករណ៍បាញ់អាល់កុល និងវាស់កំដៅ និងមានការរៀបចំបន្ទប់បម្រុងសម្រាប់ដាក់បេក្ខជនប្រឡង ដែលបានវាស់កំដៅលើសពី ៣៧.៥អង្សាសេឡើងទៅ។ចំណែកការប្រឡងវិញ ត្រូវបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផល ទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព។លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ ខេត្ត មានប្រសាសន៍បន្តថា៖ បេក្ខជន មុនចូលក្នុងមណ្ឌល និងបន្ទប់ប្រឡង ត្រូវពាក់ម៉ាសការពារ ការលាងសម្អាតដៃនឹងអាល់កុល និងការរក្សា គម្លាត បានយ៉ាងល្អខ្ជាប់ខ្ជួន ព្រមទាំងគោរពបទបញ្ញត្តិនៃការប្រឡងបានយ៉ាងល្អ និងខិតខំប្រឹងប្រែង ក្នុងការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួនផងដែរ។ លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក៍បានបញ្ជាក់ ឲ្យដឹងដែរថា៖ សម្រាប់ឆ្នាំនេះ មានបេក្ខជនចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សា បឋមភូមិ ចំនួន ៧៨៩នាក់ ស្រី៤៥៨នាក់ និងមានមណ្ឌលប្រឡងចំនួន៩ មណ្ទល ចែកចេញជា ៣៦បន្ទប់ផងដែរ។
សូមបញ្ជាក់ថា៖ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ជាថ្ងៃប្រឡងសញ្ញាបត្រ មធ្យមសិក្សា បឋមភូមិ ដែលមានបេក្ខជនសរុបចំនួន ១៦២,៥៨៩ នាក់ (នារី ៨៧,៨៧១នាក់) និងមានមណ្ឌលប្រឡងចំនួន ១,៧២២ ស្នើនឹង ៧,៣២៧ បន្ទប់ប្រឡងផងដែរ ៕