ខេត្ត ក្រចេះ ៖ ឧបករណ៍នេសាទស្បៃមុងខុសច្បាប់ជាច្រើនពាន់ម៉ែត្រព្រមទាំងសាច់អួននីឡុងក្រឡាញឹកមួយចំនួនផង ត្រូវបានកម្លាំងជំនាញខណ្ឌរដ្ឋបាលជលផលក្រចេះ ដឹកនាំដោយលោក ម៉ុក ពន្លក នាយរងខណ្ឌ សហការជាមួយកម្លាំង កងរាជអាវុធហត្ថខេត្ត អជ្ញាធរឃុំ នគរបាលប៉ុស្តិ៍រដ្ឋបាល និងសហគមន៍នេសាទ ចុះទប់ស្កាត់និងបង្ក្រាបកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៤ នៅតាមបឹងមួយចំនួន ស្ថិតនៅក្នុងឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ខណៈដែលទឹកទន្លេមេគង្គកំពុងស្រក់ចុះពីមួយថ្ងៃទៅ១ ហើយជាឪកាសដែលជនខិលខូចលួចប្រព្រឹត្តបទល្មើសជលផលដោយប្រើប្រាស់ឧបករណ៍នេសាទស្បៃមុងដើម្បីចាប់ហ្វូងត្រីតូចទាំងធំគ្រប់ប្រភេទចរាចរណ៍ចេញពីបឹង ព្រែក ចូលទៅទន្លេ ។
លោក ម៉ុក ពន្លក នាយរងខណ្ឌរដ្ឋបាលជលផលក្រចេះ បានឲ្យថា កិច្ចប្រតិបត្តិការចុះទប់ស្កាត់និងបង្ក្រាបនេះគឺធ្វើឡើងដើយមានការចង្អុលបង្ហាញពីលោក ឡុង គន នាយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងលោក សៀន គិន នាយខណ្ឌរដ្ឋបាលជលផលក្រចេះ ហើយជាលទ្ធផល គឺកម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ចាប់និងរឹបអូសបានវត្ថុតាងនៃបទល្មើសមួយចំនួនដូចជា៖ លូស្បៃមុងចំនួន២៧មាត់លូ លូសាច់អួនក្រឡាញឹកចំនួន៥មាន់លូ របាំងស្បៃមុងប្រវែង១៧៥០ម៉ែត្រ បង្គោលចម្រឹងឬស្សីជាង២៥៩ដើម ចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិប្រមាណ៣០០គក្រ ។
លោក នាយរងខណ្ឌ បានឲ្យដឹងបន្តថា សកម្មភាពធ្វើនេសាទដោយប្រើប្រាស់ឧបករណ៍ស្បៃមុង គឺត្រូវបានច្បាប់ហាមឃាត់ជាដាច់ខាតមិនអនុញ្ញាតឲ្យធ្វើអាជីវកម្មឡើយ ព្រោះថាវានឹងបង្កឲ្យវិនាសអន្តរាយដល់ធនធានជលផលនៅក្នុងធម្មជាតិរបស់យើង ។ លោកបានបន្តទៀតថា បើយោងតាមមាត្រា៩៩ត្រង់ចំនុចទី៧នៃច្បាប់ស្តីពីជលផល បានចែងថា ជនណាប្រើប្រាស់ឧបករណ៍នេសាទស្បៃមុងគ្រប់ប្រភេទ សម្រាប់នេសាទជាលក្ខណះសិប្បកម្មឬឧស្សាហកម្ម ត្រូវជាប់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី៥លានទៅ៥០លានរៀល និងវត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋរឺបំផ្លាញចោល ។
លោក សៀន គិន នាយខណ្ឌរដ្ឋបាលជលផលក្រចេះបានឲ្យដឹងដែរថា ដោយអនុវត្តន៍លើច្បាប់ស្តីពីជលផល និងបទបញ្ជាលេខ០១បប របស់រាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹងស្តីពីរដូវបិទនេសាទរបស់រដ្ឋបាលជលផល ក្នុងនាមខណ្ឌរដ្ឋបាលជលផលក្រចេះ លោកបានជំរុញដល់មន្ត្រីជំនាញក្រោមឧិវាទទាំងអស់សហការជាមួយអជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងសមត្ថកិច្ចពាក់ព័ន្ធនានាដើម្បីចុះត្រួតពិនិត្យនិងបង្ក្រាបបទល្មើសជលផលគ្រប់ប្រភេទ ជាពិសេសបទល្មើសចិញ្ចឹមត្រីឆ្តោនៅក្នុងខេត្តក្រចេះ ។
លោកនាយខណ្ឌក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមេត្តាកុំធ្វើនេសាទដោយប្រើឧបករណ៍ខុសច្បាប់ឡើយ ជាពិសេសសូមបងប្អូនកុំបន្តចិញ្ចឹមប្រភេទត្រីឆ្តោ និងត្រីរ៉ស់ដែលច្បាប់កំពុងហាមឃាត់នោះអី ព្រោះត្រីទាំង២ប្រភេទនេះវាជាត្រីដែលស៊ីសុទ្ធតែចំណីកូនត្រីស្រស់ៗ ជាហេតុបណ្តាលឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានជលផលនៅក្នុងធម្មជាតិរបស់យើង ៕