(កំពង់ធំ)៖ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំបានជំរុញមន្ត្រីជំនាញសាខាពន្ធដារខេត្តកំពង់ធំសហការជាមួយអាជ្ញាធរដែនដីសូមធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយជូនប្រជាពលរដ្ឋអំពីតម្លៃអចលនទ្រព្យសម្រាប់មូលដ្ឋានគិតពន្ធប្រថាប់ត្រាចៀសវាងមានការយល់ច្រលំ។
ឯកឧត្តម ងួន រនតៈ បានថ្លែងយ៉ាងដូច្នេះនៅក្នុងកិច្ចប្រជុំពិភាក្សាលើការប្រមូលពន្ធប្រថាប់ត្រានៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២១ដោយមានការចូលរួមពីមន្ត្រីជំនាញសាខាពន្ធដាខេត្តនិងអភិបាលក្រុងស្រុក ។
ជាមួយគ្នានេះ ឯកឧត្តម ងួន រតនៈ មាន ប្រសាសន៍ បន្ថែមទៀតថាវិស័យការងារពន្ធដារនិងគយពិតជាវិស័យដែលមានសារៈសំខាន់ណាស់ក្នុងការជួយប្រមូលពន្ធលើអចលនទ្រព្យដែលអាចជួយបង្កើនប្រាក់ចំណូលថវិកាជាតិក្នុងការ អភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនទៅមុនបន្តទៀត ។ ឯកឧត្តមបន្តទៀតថាចំពោះការធ្វើបច្ចុប្បន្នភាពនៃតម្លៃអចលនទ្រព្យសម្រាប់មូលដ្ឋានគិតពន្ធប្រថាប់ត្រានេះសូមមន្ត្រីជំនាញពន្ធដារត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានធ្វើការកំណត់តម្លៃនិងកំណត់តំបន់ឲ្យសមស្របទៅនឹងភូមិសាស្ត្រទាំងតំបន់ទីប្រជុំជន ជាពិសេសតម្លៃសេដ្ឋកិច្ចដីធ្លីមានលក្ខណៈខុសគ្នាដើម្បីចៀសវាងនៅពេលចុះអនុវត្តមានការតវ៉ាពីអ្នកទទួលសេវា ហើយអាជ្ញាធរដែនដីនិងមន្ត្រីជំនាញសហការគ្នាធ្វើកិច្ចការងារនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ក្នុងនោះឯកឧត្តមបានសង្កត់ធ្ងន់ថាចំពោះការងារសេសសល់ត្រូវរៀបពន្លឿនការដោះស្រាយពាក់ព័ន្ធពន្ធដារនិងសូរិយោដីជូនអ្នកទទួលសេវា និងជំរះចេញពីឲ្យអស់ចំពោះដីដែលបានធ្វើការវិនិយោគ ។
នៅក្នុងកិច្ចប្រជុំនេះដែរមានគោលបំណងពិនិត្យឡើងវិញនូវឧបសម្ព័ន្ធស្តីពីការបែងចែកភូមិសាស្ត្រនិងតម្លៃអចលនទ្រព្យសម្រាប់មូលដ្ឋានគិតពន្ធប្រថាប់ត្រាដើម្បីធ្វើការកែសម្រួលនូវភាពខ្វះចន្លោះជាលក្ខណៈបច្ចេកទេសនិងតម្លៃឲ្យស្របតាមស្ថានភាពជាក់ស្តែងនៃវិស័យអចនលសទ្រព្យជាពិសេសតម្លៃដីធ្លីមានលក្ខណៈខុសគ្នាទាំងភូមិសាស្រ្តនិងជីវភាពរស់នៅប្រជាពលរដ្ឋ ។




































