ខេត្តព្រះវិហារ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះវិហារ លោក សាយ ណូរិទ្ធ បានចេញដីកាឃុំខ្លួនជនសង្ស័យ ដែលជាម្ចាស់បំណុលម្នាក់ ក្នុងពន្ធនាគារខេត្ត កាលពីល្ងាចថ្ងៃទី២៦វិច្ឆិកាឆ្នាំ២០២១ ក្រោយការប្រើអំពើហឹង្សាវាយតប់លើកូនបំណុល បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ និងក្រោយការចុះឃាត់ខ្លួនពីកម្លាំងកងរាជអាវុធហត្ថខេត្ត ក្រោមការដឹកនាំសម្របសម្រួលពី លោក វុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី២៥វិច្ឆិកាឆ្នាំ២០២១ កន្លងទៅនេះ។
ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក វុធ សាវី បានបញ្ជាក់ថា ជនសង្ស័យដែលជាម្ចាស់បំណុលម្នាក់ ឈ្មោះ ខេង វត្ថា ហៅហៀង ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិឆែបមួយ ឃុំឆែប ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះវិហារ លោក សាយ ណូរិទ្ធ បានសម្រេចចេញដីកាឃុំខ្លួនជាបណ្តោះអាសន្ននោះហើយ កាលពីល្ងាចថ្ងៃទី២៦វិច្ឆិកាឆ្នាំ២០២១ នៅក្នុងពន្ធនាគារខេត្តព្រះវិហារ និងនៅក្រោយការសាកសួរស្ទើរពេញ ១ថ្ងៃនោះមក។
គួររំលឹកថា កាលពីរសៀលថ្ងៃទី២៥វិច្ឆិកាឆ្នាំ២០២១ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក វុធ សាវី បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះឃាត់ខ្លួនជនសង្ស័យដៃដល់ដែលជាម្ចាស់បំណុលម្នាក់ ឈ្មោះ ខេង វត្ថា ហៅហៀង ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិឆែបមួយ ឃុំឆែប ស្រុកឆែប ខេត្តព្រះវិហារ ដែលបានប្រព្រឹត្តអំពើហឹង្សាទៅលើកូនបំណុលបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ និងក្រោយមកជនសង្ស័យបានរត់គេចខ្លួនចាកចេញពីទីបង្កហេតុ។ ការចុះឃាត់ខ្លួនជនសង្ស័យ បានធ្វើឡើងនៅរសៀលថ្ងៃទី២៥វិច្ឆិកាឆ្នាំ២០២១ នៅចំណតរថយន្ត ស្ថិតក្នុងភូមិអណ្តូងពោធិ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
ព្រះរាជអាជ្ញារងខេត្តព្រះវិហារ លោក វុធ សាវី បានប្រាប់ឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនៅនាពេលនោះ គឺយោងតាមពាក្យបណ្តឹងរបស់បុរសជាជនរងគ្រោះ ដែលបានដាក់ពាក្យប្តឹងមកអយ្យការសាលាដំបូងខេត្ត កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីជនសង្ស័យបានប្រព្រឹត្តអំពើហឹង្សាមកលើជនរងគ្រោះ ឈ្មោះ យិន ចិន្ទ្រី ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិទី៥ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម និងបច្ចុប្បន្ន ស្នាក់នៅក្នុងខេត្តព្រះវិហារ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។
លោក វុធ សាវី បានបញ្ជាក់ថា យោងតាមពាក្យបណ្តឹង ជនរងគ្រោះ បានរៀបរាប់ថា មុនពេលកើតហេតុ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ជនរងគ្រោះបានធ្វើដំណើរដោយរថយន្តជាមួយអ្នកស្គាល់គ្នា ចេញពីភូមិស្វាយប៉ាត ទៅលេងទឹកធ្លាក់ព្រះនិម្មិត លុះទៅដល់ស្រុកឆែប ក៏ឃើញក្មេងកាន់មាន់ជល់ ពេលនោះខ្លួនគេក៏ទៅតាម ដើម្បីលេងមាន់ជល់ លុះពេលកំពុងឈរលេងមាន់ ស្រាប់តែជនសង្ស័យឃើញ ក៏ដើរមកពីក្រោយ រួចសួរថា មិចហើយរឿងលុយ? ពេលនោះជនរងគ្រោះឆ្លើយថា បងឯងជេរទាំងម្ចាស់លុយ ហើយជេរម្រាយខ្ញុំទៀត បងនៅមករកលុយអីទៀត?។
បន្ទាប់ពីជនរងគ្រោះនិយាយបែបនេះ ជនសង្ស័យជាម្ចាស់បំណុលក៏ផ្ទុះកំហឹង រួចស្ទុះមកវាយជនរងគ្រោះ បណ្តាលឲ្យបាក់ចង្អុលដៃស្តាំ និងបែកមាត់។ មិនតែប៉ុណ្ណោះ ជនសង្ស័យថែមទាំងបានពោលពាក្យថា ទៅប្តឹងទៅ អញចាំនៅប៉ុស្តិ៍ប៉ូលិស ទើបជនរងគ្រោះកើតទុក្ខមិនសុខចិត្ត ក៏បានដាក់ពាក្យប្តឹង មកលោកព្រះរាជ្ញអាជ្ញាអមសាលាដំបូងខេត្ត ឲ្យចាត់ការទៅតាមច្បាប់ ថែមទាំងទាសំណងជំងឺចិត្ត នូវចំនួនទឹកប្រាក់ ៣ម៉ឺនដុល្លារ ថែមទៀតផង៕ ដោយ៖ឡុង សំបូរ