អតីតយុទ្ធជនពិការនិងគ្រួសារអតីតយុទ្ធជនពលី១២គ្រួសារទទួលអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត

0

ខេត្តកំពង់ធំ៖  អតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី ដែលមានជីវភាពលំបាកខ្វះខាត នៅក្នុងខេត្តកំពង់ធំ តែងតែទទួលបានការ មើលថែរយ៉ាងជិតស្និទ្ធពីសំណាក់ ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ដោយមិនទុកឲ្យ អតីតយុទ្ធជនណាម្នាក់រងទុក្ខដោយមិនបានមើលថែរនោះឡើយ ។

ជាក់ស្តែងឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបន្តដឹកនាំក្រុមការងារ ចុះសាកសួរសុខទុក្ខ អតីតយុទ្ធជនពិការនិងគ្រួសារអតីតយុទ្ធជនពលី ដោយសារសង្គ្រាមចំនួន១២គ្រួសារ និងបាននាំយកអំណោយ ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត និងលោកជំទាវពេជ ចន្ទមុន្នី ចែកជូនផងដែរ នៅឃុំ កំពង់ចិនជើង ស្រុកស្ទោង  ខេត្តកំពង់ធំ នៅព្រឹកថ្ងៃអាទិត្យទី២៨ ខែ វិច្ឆិកា ឆ្នាំ២០២១ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលសម្ដេចទាំងទ្វេ លោកតែងតែគិតគូរពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូន អតីតយុទ្ធជនយើងនៅគ្រប់ពេលវេលានិងនៅគ្រប់ទីកន្លែង ពិសេសក្នុងស្ថានភាពដែលប្រទេសជាតិ យើងកំពុងរងផលប៉ះពាល់ដោយសារការឆ្លងរីករាលដាលមេរោគកូវីដ-១៩ ។

និងបានសំណូមពរដល់បងប្អូនអតីតយុទ្ធជនពិការ និងក្រុមគ្រួសារ អតីតយុទ្ធជនពលី ត្រូវរៀនរស់នៅតាមគន្លងថ្មីនៃបរិបទកូវីដ-១៩ អនុវត្តវិធានការ៣ការពារនិង៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពេលប្រទេសជាតិបើកឲ្យមានដំណើរឡើងវិញ បងត្រូវបន្តខិតខំធ្វើស្រែចំការដាំបន្លែ បង្ការ ចិញ្ចឹមសត្វដើម្បីជីវភាពក្នុងគ្រួសារ  ព្រមទាំងត្រូវចូលរួមអនុវត្តឲ្យបានល្អនូវគោលនយោបាយភូមិ-ឃុំ មានសុវត្តិភាពនៅក្នុងមូលដ្ឋាន។

 អំណោយដែលបានឧបត្ថម្ភជូន ក្នុងមួយគ្រួសារ ទទួលបាននូវអង្ករចំនួន៣០គីឡូក្រាម មីជាតិចំនួន១កេស  ទឹកត្រីចំនួន១យូរ និងត្រីខកំប៉ុងចំនួន១យួរ  បងប្អូនអតីតយុទ្ធជនទាំង១២គ្រួសារ បានថ្លែងអំណរគុណដ៏ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ព្រមទាំងក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលជានិច្ចកាល តែងតែជួយដោះស្រាយរាល់ការលំបាកខ្វះខាតរបស់ពួកគាត់បានទាន់ពេលវេលា និងសូមជូនពរ សំណាងល្អ សម្រេចជោគជ័យគ្រប់ភារកិច្ច។

ដោយ ប៊ុន រដ្ឋា