ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងជោកជាំជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្ន ស្រាប់តែមាន រថយន្តមួយគ្រឿងបើកបរដោយបុរសម្នាក់កំពុងនិយាយទូរស័ព្ទហើយបត់ឆ្វេងឆ្លងផ្លូវមិនបានស៊ីញ៉ូ ក៏ត្រូវម៉ូតូបុកចំពេញទំហឹងបណ្ដាលអោយបុរសម្នាក់រងរបួសធ្ងន់ត្រង់ជើងងើបមិនរួច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ខែសីហាឆ្នាំ២០១៤ ត្រង់ចំណុចមុខផ្សារស្ទឹងមានជ័យចាស់ តាមបណ្ដោយផ្លូវព្រះមុនីរ៉េត លេខ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ប្រភពព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូ មួយគ្រឿង ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៍ខ្មៅ មិនមានស្លាកលេខ ជិះដោយបុរសម្នាក់ក្នុងស្ថានភាព ស្រវឹង ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីរ៉េតក្នុងល្បឿនយ៉ាងលឿន ទិសដៅពីលិចទៅកើត ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាកូរ៉ូឡា ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2L-4272 បើកដោយបុរសម្នាក់កំពុងនិយាយទូរស័ព្ទ ធ្វើដំណើរតាម បណ្ដោយផ្លូវព្រះមុនីរ៉េត ទិសដៅពីកើតទៅលិច រួចបានបត់ឆ្វេងមិនបានស៊ីញ៉ូបំរុងបត់ចូលទៅ ផ្លូវបេតុង ក៏ត្រូវម៉ូតូបុករថយន្តចំជំហៀងខាងស្ដាំពេញទំហឹងគៀបម៉ូតូបះកង់ក្រោយឡើងលើ ច្រង៉ាងបណ្ដាលអោយបុរសជាម្ចាស់ម៉ូតូហោះផ្លោងរងរបួសធ្ងន់ត្រង់ជើងងើបមិនរួច។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ភ្លាមៗ និងបានអោយភាគីទាំង២ ធ្វើការសម្របសម្រួលគ្នា ចំណែកភាគីខាងម៉ូតូដែលរងរបួសបានសុំស្មើរគ្នា ស្រាប់តែមានគ្នីគ្នា ខាងរថយន្តបានជិះម៉ូតូបើករថយន្តមកច្រង៉េងច្រង៉ាងចង់អោយភាគីខាងម៉ូតូសងថ្លៃខូចខាតរថយន្ត រួចក៏មានការប្រកែកគ្នាហើយដំណាងខាងភាគីរថយន្តបានធាក់ម៉ូតូមួយជើងចង់បង្កជម្លោះ សមត្ថកិច្ចក៏ស្ទុះមកឃាត់ខ្លាចកើតមានរឿងធំ ស្រាប់តែភាគីខាងរថយន្តមកទាស់សម្ដីជាមួយ សមត្ថកិច្ចទៀត រួចក៏បានចែកផ្លូវគ្នារៀងៗខ្លួនដោយស្មើរគ្នានៅកន្លែងកើតហេតុ។
គួរកត់សំគាល់ថាគេឃើញភាគីខាងរថយន្តនិងគ្នីគ្នាមិនដឹងធ្វើការនៅអង្គភាពណានោះទេ ស្លៀកពាក់ស៊ីវិល ដៃកាន់វិទ្យុទាក់ទងគ្រប់ដៃ ចុះមកអន្តរាគមន៍ថែមទាំងទាស់ពាក្យសម្ដីជាមួយ សមត្ថកិច្ចមូលដ្ឋានដែលចុះមកអន្តរាគម៍នៅកន្លែងកើតហេតុថែមទៀត ធ្វើអោយប្រជាពលរដ្ឋនៅ កន្លែងកើតហេតុរិះគន់ខ្លាំងៗថា ដូចមិនចេះច្បាប់ទំលាប់អ្វីសោះ៕