ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនហើយព្យាយាមវ៉ារថយន្តមួយគ្រឿងនៅពីមុខ ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតជិះដោយបុរសម្នាក់ក្នុងទិសដៅច្រាស់គ្នាក៏បុកគ្នាចំពេញទំហឹង បណ្ដាលអោយរងរបួសធ្ងន់ទាំងសងខាង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលា
ម៉ោង៩ និង១០នាទីយប់ថ្ងៃទី២៥ខែសីហាឆ្នាំ២០១៤ ត្រង់ចំណុចមុខផ្សារឯករាជ៣ តាមបណ្ដោយផ្លូវ វែងស្រេង ស្ថិតក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ ជិះម៉ូតូសង់កូរ៉េមួយគ្រឿង ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1G-1418 ធ្វើដំណើរតាម បណ្ដោយផ្លូវវែងស្រេងក្នុងល្បឿនយ៉ាងលឿន ទិសដៅពីលិចទៅកើត ស្រាប់តែមកដល់ចំណុច កើតហេតុក៏បានជិះវ៉ារថយន្តមួយគ្រឿងនៅពីមុខហើយក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកណៃហត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AY-5757 ជិះដោយបុរសម្នាក់ទើបចេញពីធ្វើការតាមបណ្ដោយ ផ្លូវវែងស្រេង បំណងជិះត្រឡប់ទៅផ្ទះនៅបុរីពិភពថ្មីក្រោយរោងចក្រ៦ជាន់ ទិសដៅពីកើតទៅលិច បញ្ច្រាស់ទិសគ្នា ចំពេញទំហឹងបណ្ដាលអោយដួលម៉ូតូបោកនិងថ្នល់រងរបួសធ្ងន់ទាំងសងខាង។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ភ្លាមៗ និងបានបញ្ជូនជនរងគ្រោះ ជិះម៉ូតូសង់កូរ៉េតាមរថយន្តសាមុយទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែកជនរងគ្រោះជិះម៉ូតូ ណៃហតត្រូវបានក្រុមគ្រួសារដឹកតាមម៉ូតូរ៉ឺម៉កកង់៣ទៅមន្ទីរពេទ្យផងដែរ ហើយសមត្ថកិច្ច ជំនាញ បានធ្វើការវាស់វែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យដើម្បីរង់ចាំ ធ្វើការដោះស្រាយតាមផ្លូវច្បាប់៕