កំពង់ឆ្នាំង៖ ដោយបានការអនុញ្ញាតពីលោកឧត្តម សេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ អ.ហ ខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង០១:៣០នាទីរំលងអធ្រាត្រ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងអ.ហ ក្រុងកំពង់ឆ្នាំង ដឹកនាំដោយលោកវរសេនីយ៍ត្រី អុឹម លីអុីម មេបញ្ជាការ អ.ហ ក្រុងកំពង់ឆ្នាំងបានចុះសហការជាមួយកម្លាំងគយ ប្រចាំសាខាខេត្តកំពង់ ឆ្នាំង ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ដែលពាក់ព័ន្ធក្នុងករណីដឹកជញ្ជូនឈើគ្មានលិខិតអនុញ្ញាត និងរារាំងសមត្ថកិច្ចចុះអនុវត្តការងារ ។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងនៅ
ចំណុចភូមិត្រពាំងពោធិ៍ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ សុខ ចំរើន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរអ្នកបើកបររថយន្ដ រស់នៅភូមិព្រៃពីស ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ក្នុងការបង្ក្រាបខាងលើនេះវត្ថុតាងចាប់យករួមមានរថយន្តចំនួន០១គ្រឿង ម៉ាកហាយឡិនឌ័រ (High Lander) ពាក់ស្លាកលេខ កណ្ដាល2A-3606 ពណ៌ទឹកប្រាក់, ឈើប្រណិត(ធ្នង់)មួយចំនួន មិន ទាន់បានវាស់វែង។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានការិយាល័យជំនាញយកទៅធ្វើតេស្តរកមេរោគកូវីត១៩ លទ្ធផលអវិជ្ជមាន និង វត្ថុតាង កំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការ ដើម្បីបន្តនីតិវិធី។