ចាស់ជរាគ្មានទីពឹង ជាង៥០០នាក់​ នៅក្នុងក្រុងកំពង់ចាម ទទួលបាន​អាវរងារ​ និងស្បៀងអាហារ​ របស់សម្តេចតេជោ​ និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​

0

កំពង់ចាម​:​ ចាស់ជរាគ្មាន​ទីពឹងប្រមាណជា ៥៥០នាក់​ នៅក្នុងក្រងកំពង់ចាម​ ទទួលបានអាវរងារ និងស្បៀងអាហារ​ ដែលជា​អំណោយ​របស់​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃ​កម្ពុជា​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ ឯកឧត្ដម អ៊ុន ចាន់ដា ​អភិបាលខេត្តកំពង់ចាម​ ដែលពិធី​សំណេះសំណាល​ និង​ចែកអំណោយ​នេះបាន​ធ្វើឡើង​នាព្រឹក​ថ្ងៃទី​១​ ខែធ្នូ​ ឆ្នាំ​២០២១​ នៅ​សាលា​ខេត្ត​កំពង់ចាម​ ក្រោម​វត្តមាន​ឯកឧត្ដម​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ និង​ថ្នាក់ដឹកនាំ​ មន្ត្រី​រាជការ​ជាច្រើន​រូប​ទៀត​។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ បន្ទាប់​ពី​​​​ក្រសួងធនធានទឹក និងឧតុនិយម​ ​បាន​ជូន​ដំណឹង​ អាកាសធាតុ​ចុះ​ត្រជាក់​ជាបន្តបន្ទាប់​​នោះ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ មាន​ការ​ព្រួយបារម្ភ​ជាខ្លាំង​​ចំពោះ​សុខភាព​ និង​ជីវភាព​រស់នៅ​​​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ជាពិសេស​លោកយាយ​ លោកតា​ ដែល​មាន​វ័យ​ចំណាស់​ ងាយរង​នឹង​ជំងឺ​ផ្សេងៗ​ ដូច្នេះ​​អាជ្ញាធរ​ រួមនឹង​សប្បុរសជន​ បាន​នាំយក​អំណោយ​របស់​​សម្តេច​ មក​ចែក​ជូន​លោកយាយ​ លោកតា​ ក្នុង​ឱកាស​នេះ​ ។

ឯកឧត្តមអភិបាលខេត្ត​ បាន​ថ្លែង​បន្ត​ទៀត​ថា​ មិន​ចំពោះ​តែអាកាសធាតុ​​រងារ​ ក្តៅ​​ គ្រោះ​រាំងស្ងួត​​ ឬ​ពលរដ្ឋ​យើង​ជួប​គ្រោះ​​បញ្ហា​ផ្សេងៗ​នោះទេ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ តែងតែ​​ ណែនាំ​ដល់​​អាជ្ញាធរ​ ឲ្យ​ខិតខំ​យកចិត្តទុកដាក់​ ផ្តល់​ភាព​កក់ក្តៅ​ និង​ជួយ​អន្តរាគមន៍​​ទាន់ពេលវេលា​ ជាក់ស្ដែង​ក្នុង​បរិបទ​កូវីដ​-១៩​ ​រយៈពេល​១ឆ្នាំ​កន្លង​មក​នេះ​ រាជរដ្ឋាភិបាល​ក៏បាន​បង្កើត​កម្មវិធី​ គាំពារ​សង្គម​ផ្តល់​ជូន​ជា​សាច់​ប្រាក់​ជូនដល់ប្រជាពលរដ្ឋ​ ក្រ១​ ក្រ២​ ក្នុងនោះ​សម្រាប់​ខេត្តកំពង់ចាម​ មានជាង​៤ម៉ឺន​ ៧ពាន់​គ្រួសារ​ ដែលទទួល​បាន​សាច់​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ពី​រាជរដ្ឋាភិបាល​ ប្រមាណ​ជា​ ៣២លាន់​ដុល្លារ​អាមេរិក​ហើយ​រហូត​មក​ទល់​នឹង​ពេល​នេះ​ ហើយ​ក្នុងនោះ​ក៏មាន​ការ​ឧបត្ថម្ភ​របស់​​រាជរដ្ឋាភិបាល​ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វេី​ចត្តាឡីស័ក​ ព្យាបាល​ជំងឺ​កូវីដ​-១៩​ និង​គ្រួសារ​អ្នក​ស្លាប់​ដោយជំងឺ​កូវីដ-១៩​ ផងដែរ​ ។
ជាមួយគ្នានោះ​ ឯកឧត្តមអភិបាលខេត្ត​ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ឲ្យ​ខិតខំ​យកចិត្តទុកដាក់​ថែទាំ​សុខភាព​ គឺ​ត្រូវ​រស់នៅ​ប្រកប​ដោយ​អនាម័យ​ ជាពិសេស​ត្រូវ​អនុវត្ត​វិធានការ​ ៣ការពារ​ ៣កុំ​ និង​អនុវត្ត​វិធានការ​សុខាភិបាល​ឲ្យ​បាន​ខ្ជាប់ខ្ជួន​​ ដើម្បី​ជៀសផុតពីជំងឺ​ឆ្លង​ផ្សេងៗ​ ផងដែរ​ ។
​ ​
គួរ​បញ្ជាក់​ថា​ អំណោយ​របស់​សម្ដេច​តេជោ​ និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ​ដែល​បាន​ផ្ដល់​ជូន​ចាស់​ជរា​គ្មាន​ទីពឹង​ ទាំង​៥៥០នាក់​ ក្នុង​ម្នាក់ៗ​ទទួល​បាន​ ​អាវ​រងារ​ ចំនួន​១អាវ​ អង្ករ​ ២៥គីឡូក្រាម​ មី​ ១កេស​ ត្រីខ​ ១យួរ​ និងទឹកស៊ីអ៊ីវ​ ១យួរ​ ៕