ខេត្តសៀមរាប : អនុវត្តអស់រយៈពេលជិត១៥ខែកន្លងមក គម្រោងដំណើរការពង្រឹងសមត្ថភាព លុបបំបាត់ជម្ងឺរបេង
( CURE ) ត្រូវបានបិទបញ្ចប់ ជាមួយនឹងការផ្តល់ក្តីសង្ឃឹមសម្រាប់អនាគត ថានឹងបានជួយដល់ការកាត់បន្ថយស្ថានភាពគំរាមកំហែងនៃជម្ងឺរបេងចាប់ពីពេលបច្ចុប្បន្ននេះ តទៅ !
ក្រោមកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន នៃក្រសួងសុខាភិបាល ជាមួយសមាគមជម្ងឺរបេងនៃសាធារណរដ្ឋកូរ៉េ គម្រោងរបេង CURE ដែលប្រតិបត្តិការយ៉ាងសកម្មដោយមន្ទីរសុខាភិបាលខេត្តសៀមរាបនោះ តាមរយៈនៃអង្គសិក្ខាសាលាដែលបានធ្វើឡើងនាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ បានបញ្ជាក់ថា គម្រោងបង្កើនសមត្ថភាពស្រាវជ្រាវ លុបបំបាត់ជម្ងឺរបេង CURE ( Capacity Upgrades on Reaching ) ត្រូវបានបិទបញ្ចប់ហើយ បន្ទាប់ពីគម្រោងនេះ ត្រូវបានអនុវត្តអស់រយៈពេលជិត១៥ខែកន្លងមក ចាប់ពីខែតុលាឆ្នាំ២០២០ ដល់ខែធ្នូឆ្នាំ២០២១។
ឯកឧត្តម ផាក ស៊ុងជីន អគ្គកុងស៊ុលនៃសាធារណរដ្ឋកូរ៉េប្រចាំខេត្តសៀមរាប មានប្រសសន៍ថា គម្រោងលុបបំបាត់ជម្ងឺរបេង ( CURE ) ដែលបានអនុវត្តក្នុងទឹកដីខេត្តសៀមរាប នឹងបានស្ថិតបន្តក្នុងក្តីសង្ឃឹមសម្រាប់អនាគត។ ចំណែកឯលោកវេជ្ជបណ្ឌិត ហ្យុង ម៉ាន់ហូ ប្រធានសមាគមជម្ងឺរបេងជាតិកូរ៉េ បញ្ជាក់ថា សមាគមនៅតែបន្តគាំទ្រគម្រោងនេះ និងពង្រីកទំនាក់ទំនងសហប្រតិបត្តិការបន្ថែមទៀត ជាមួយប្រជាជនកម្ពុជា។
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានបង្ហាញថា៖ ផ្តើមដំបូងនៃគម្រោងនេះគឺការបណ្តុះបណ្តាលធនធានមនុស្សដែលជាបុគ្គលិករបស់គម្រោង បុគ្គលិករបស់មន្ទីរពេទ្យបង្អែកអង្គរជុំ រួមមាន វេជ្ជបណ្ឌិត និងអ្នកឯកទេស X-Ray អំពីជំនាញប្រើប្រាស់ម៉ាស៊ីន និងអានបកប្រែហ្វីលតាមកុំព្យូទ័រ។ សកម្មភាពស្រាវជ្រាវត្រូវបានធ្វើឡើងតាមបែបសកម្ម ដោយប្រើរថយន្តគ្លីនិកចល័តចុះទៅមូលដ្ឋានតាមតំបន់គោលដៅ។ លទ្ធផលរបស់គម្រោងដែលសម្រេចបាន គឺមាននៅលើទីតាំងចំនួន៩មណ្ឌលសុខភាព របស់បណ្តាស្រុកចំនួន៣ គឺ នៅស្រុកអង្គរជុំ ស្រុកវ៉ារិន្ទ និងស្រុកពួក។
លោក ពិន ប្រាកដ អភិបាលខេត្តសៀមរាបមានប្រសាសន៍ថា៖ ថ្វីត្បិតតែគម្រោងនេះ ត្រូវបានដំណើរការនៅក្នុងវិបត្តិកូវីដ-១៩ និងមានការផ្អាកដំណើរការខ្លះៗក៏ពិតមែន ក៏ប៉ុន្តែគម្រោងនេះនៅតែបានធ្វើដំណើរដល់គោលដៅយ៉ាងល្អ ក្រោមការពង្រឹងសមត្ថភាព ឈានទៅលុបបំបាត់ជម្ងឺរបេងនាពេលអនាគត ក៏ប៉ុន្តែទោះជាយ៉ាងនេះក្តី សម្រាប់បច្ចុប្បន្ននេះ តួរលេខនៃអ្នកជម្ងឺរបេងក្នុងខេត្តសៀមរាប នៅតែស្ថិតក្នុងកម្រឹតគំរាមកំហែងនៅឡើយ ដូចនេះ មធ្យោបាយកាត់បន្ថយការឆ្លង និងបង្កើនការព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ គឺពិតជាមានតម្រូវការចូលរួមសហការពីសំណាក់កម្មវិធីរបស់អង្គការជាដៃគូអភិវឌ្ឍនានា។ ក៏ជាក្តីសង្ឃឹមផងដែរ ចំពោះភាគីពាក់ព័ន្ធដទៃទៀត ដែលបានគាំទ្រដល់កម្មវិធីស្រាវជ្រាវជម្ងឺរបេងនៅក្នុងខេត្តសៀមរាបកន្លងមក នឹងបន្តជួយជ្រោមជ្រែងដល់វិស័យសុខាភិបាលកម្ពុជា៕
លោក ខេង ខេមរា រាយការណ៍




































