ទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ១ ធ្នូ ២០២១ “បញ្ចប់វិសមភាព បញ្ចប់ឣេដស៍ និងបញ្ចប់ជំងឺឆ្លងរាតត្បាតសកល”

កំពង់ឆ្នាំង÷ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលស្រុកសាមគ្គីមានជ័យ បានសហការជាមួយអង្គការកម្ពុជាដើម្បីសុខភាព និងការអប់រំសហគមន៍ (ឆេក) ដើម្បីរៀបចំទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងជំងឺ អេដស៍ ១ធ្នូ ២០២១ ដោយ មានការចូលរួមពីការិយាល័យអប់រំ យុវជន និងកីឡាស្រុកសាមគ្គីមានជ័យ នៅវិទ្យាល័យចំនួន ២ និងអនុវិទ្យាល័យចំនួន ៧ សរុបមានចំនួន ៩ ទីតាំង នៅក្នុងឃុំទាំង៩ របស់ស្រុកសាមគ្គីមានជ័យ។

 

ពិធីខាងលើនេះ មានអ្នកចូលរួមសរុបប្រមាណ៣ ០០០ នាក់ ដោយមានការចូលរួមពីនាយក នាយិកា នាយករង នាយិការង លោកគ្រូ អ្នកគ្រូ និងសិស្សានុ សិស្ស រួមមាន÷ ឃុំឈានឡើង ឣនុវិទ្យាល័យច្រកត្នោត, ឃុំពាម ឣនុវិទ្យាល័យតាំងខ្មៅ, ឃុំស្វាយជុកវិទ្យាល័យ ហ៊ុន សែន ក្រាំងស្រម៉, ឃុំត្បែងខ្ពស់ ឣនុវិទ្យាល័យត្បែងខ្ពស់, ឃុំស្វាយ ឣនុវិទ្យាល័យផ្សារត្រាច, ឃុំសេដ្ឋី ឣនុវិទ្យាល័យសេដ្ឋី, ឃុំធ្លកវៀន វិទ្យាល័យមិត្តភាពខ្មែរ ជប៉ុន សាមគ្គីមានជ័យ, ឃុំខ្នាឆ្មារ ឣនុវិទ្យាល័យខ្នាឆ្មារ, ឃុំក្រាំងល្វា ឣនុវិទ្យាល័យក្រាំងល្វា ។

 

វាគ្មិន នៃទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងជម្ងឺអេដស៍ ១ ធ្នូ ២០២១ មានដូចជាយុវជនអ្នកស្ម័គ្ររបស់អង្គការឆេកប្រចាំស្រុកសាមគ្គីមានជ័យ អ្នកផ្ទុកមេរោគអេដស៍ នាយក/នាយិកាវិទ្យាល័យ និងអនុវិទ្យាល័យ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ប្រធានមណ្ឌលសុខភាព មេឃុំ និងការិយាល័យអប់រំយុវជន និងកីឡាស្រុក បានចូលរួមធ្វើបទបង្ហាញចែករំលែកចំណេះដឹង និងបទពិសោធន៍ និងការប្តជ្ញាចិត្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលមេរោគអេដស៍ និងមានវេទិកាសំណួរ និងចម្លើយ និងមានផ្តល់រង្វាន់សម្រាប់អ្នកចូលរួមដែលបានឆ្លើយសំណួរអំពីមេរោគអេដស៍ និងជំងឺអេដស៍ ផងដែរ។

 

ការប្រារព្ធទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងជម្ងឺអេដស៍ ១ ធ្នូ ២០២១ រៀបចំឡើងក្នុងគោលបំណងដោយរួមគ្នាជាសកលដើម្បីបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់ប្រជាជននៅលើសកលលោក ចូលរួមចែករំលែកជំនាញ ចំណេះដឹង និងបទពិសោធន៍ថ្មីៗ ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលមេរោគឣេដស៍ឲ្យមានប្រសិទ្ធភាព និងបង្ហាញពីការគាំទ្រ ការយកចិត្តទុកដាក់ដល់ឣ្នកផ្ទុក ឣ្នករងផលប៉ះពាល់ពីមេរោគឣេដស៍ ក្នុងការទទួលបានសេវាថែទាំ ព្យាបាល និងសេវាសង្គមឲ្យកាន់តែទូលំទូលាយ។

 

សូមបញ្ជាក់ថា អង្គការកម្ពុជាដើម្បីសុខភាព និងការអប់រំសហគមន៍ (ឆេក) ជាអង្គការក្នុងស្រុកក្រៅរដ្ឋាភិបាល ដែលអនុវត្តការងារផ្តោតការងារទៅលើការអប់រំដល់ក្រុមគោលដៅជាយុវវ័យ ជនរងគ្រោះ ដោយសារអំពើហិង្សានៅក្នុងគ្រួសារ និងជនរងគ្រោះដោយសារមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ក្នុងគោលបំណងដើម្បីទប់ស្កាត់អំពើហឹង្សាទៅលើស្ត្រី និងកុមារី ព្រមទាំងចូលរួមចំណែកក្នុងការលើកកម្ពស់ការប្រើប្រាស់ថ្នាំឲ្យបានសមស្របរបស់អ្នកជំងឺតាមតំបន់គោលដៅ៕