ខេត្តក្រចេះ កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ ដឹកនាំដោយ លោកវរៈសេនីយ៏ឯក គង់ វណ្ណារិទ្ឋ ស្នងការរងទទួលការិយាល័យកណ្តាលប្រឆាំងបទល្មើសនៃស្នងការនគបាលខេត្ត និងមានការចូលរួមពីសំណាក់ លោក ធុច បច្ចសន្តិភាព ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ចុះចាប់បានជនសង្ស័យជួញដូរគ្រឿងញៀន២នាក់ នៅវេលាម៉ោងប្រមាណ១ៈ៣០នាទីយប់ថ្ងៃទី២៦ខែសីហាឆ្នាំ២០១៤ ត្រង់ចំនុចភូមិអូរឬស្សី១សង្កាត់ក្រចេះ ក្រុងក្រចេះ។
តាមការឲ្យដឹងពីសមត្ថកិច្ចអធិការដ្ឋាននគរបាលក្រុងក្រចេះ លោក ស៊ាង សុភក្រ័ បានបញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ហាក់ សុធិ ហៅម៉ី ភេទ ប្រុស អាយុ៣៤ឆ្នាំ ជាមុខសញ្ញាជួញដូរគ្រឿងញៀនសកម្មហើយធ្លាប់ជាប់ពន្ធនាគារនិងមានដីការតាមចាប់ខ្លួនចំនួន៣ផ្សេងទៀត និងទី២ឈ្មោះ វី ដានី ហៅ ដា ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅភូមិជ័យឧត្តម ឃុំ សំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវជាប្រពន្ធនិងជាមុខសញ្ញាជួញដូរថ្នាំញៀនដែរ។
លោក ស៊ាង សុភក្តិ បានបញ្ជាក់បន្ថែមថា បន្ទាប់ពីសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នោះហើយ រឹបអូសវត្ថុតាងបានម្ស៉ៅក្រាមពណ៌សចំនួន៦កញ្ចប់ធំ សម្ភារៈជក់គ្រឿងញៀនមួយចំនួន ថង់សម្រាប់ច្រករំលែកគ្រឿងញៀន ជញ្ជីងថ្លឹងគ្រឿងញៀន២និងវត្ថុតាងមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់នោះនិងវត្ថុតាង ត្រូវបានឃាត់ខ្លួនឃុំបណ្តោះអាសន្ននិងរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ហើយសាកសួរកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវីធីច្បាប់៕